ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យនាំខ្លួនអធិការរងខណ្ឌដង្កោម្នាក់មកសួរនាំ ពាក់ព័ន្ធករណីផ្ទុះអាវុធ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១កក្កដា នេះ បានបញ្ជាឲ្យមន្រ្តីជំនាញស្រាវជ្រាវ និងនាំខ្លួនលោកអធិការរងខណ្ឌដង្កោម្នាក់មកសួរនាំ ពាក់ព័ន្ធករណីផ្ទុះអាវុធមួយគ្រាប់ដោយសារទំនាស់តិចតួចជាមួយអ្នកជិតខាង។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការរងខណ្ឌដង្កោដែលផ្ទុះអាវុធនោះ មានឈ្មោះ ទូច សេងហ៊ បានផ្ទុះអាវុធ០១គ្រាប់នៅតាមទីសាធារណៈកាលពីយប់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ តម្រូវឲ្យមន្រ្តីជំនាញស្រាវជ្រាវ និងនាំលោកអធិការរងខាងលើយកមកសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនលោកស្នងការពិនិត្យសម្រេច។
សូមជម្រាបថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោក ទូច សេងហ៊ ដែលគេស្គាល់ថា ជាអធិការរងខណ្ឌដង្កោ ទទួលផែនគ្រឿងញៀន រហ័សនាម ០២៥ បានដកកាំភ្លើងបាញ់ឡើងលើចំនួនមួយគ្រាប់ដើម្បីគំរាមយុវជនម្នាក់ដែលជិះម៉ូតូកាត់កន្លែងលោកកំពុងផឹកស៊ី ដោយចោទថា យុវជនរូបនោះជិះម៉ូតូលឿន។
ទោះបីយ៉ាងណា មហាជនកំពុងរង់ចាំមើល តើលើចំណាត់ការរបស់ស្នងការរាជធានី នឹងមានវិធានការយ៉ាងណាចំពោះមន្ត្រីអនុវត្តច្បាប់ តែបែរជាផ្ទុះអាវុធតាមទីសាធារណៈពេលកំពុងផឹកស៊ីបែបនេះ៕