ភ្នំពេញ ៖ លោក សុខ ផល រដ្ឋលេខាអធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ ក្នុងការត្រៀមចូលរួមគាំទ្រកងកម្លាំងការពារព្រំដែនជួរមុខ ដើម្បីការពារបូរណភាពទឹកដី។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ មកពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងវត្តមាន លោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលស្វាគមន៍ចំពោះ លោក សុខ ផល រដ្ឋលេខាអធិការក្រសួងមហាផ្ទៃ ដែលបានដឹកនាំប្រតិភូក្រសូងមហាផ្ទៃ អញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនកងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសម្រួលដោះស្រាយការលំបាក ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃចំពោះកងកម្លាំងនគរបាលជាតិ។

លោក ស្នងការ ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការគ្រប់គ្រងកម្លាំង មធ្យោបាយ សម្ភារ យុទ្ធោបករណ៍ រួចហើយស្រេច បម្រើការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ជាពិសេសបានប្តេជ្ញាដើម្បីត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើចូលរួមជាមួយកងកម្លាំងជួរមុខ ដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើង។

ក្នុងឱកាសនេះដែរ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានលះបង់សព្វបែបយ៉ាងដោយមិនគិតនឿយហត់ បំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម បានរឹងមាំល្អ និងបានវាយតម្លៃខ្ពស់ពីការគ្រប់គ្រងកម្លាំង មធ្យោបាយសម្ភារៈ យុទ្ធោបករណ៍ បានល្អ បម្រើឲ្យការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង អនុវត្តការងារកាន់តែសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព។

លោក រដ្ឋលេខធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍លើកឡើងជុំវិញសភាពការណ៍ថ្មីៗមួយចំនួនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីឲ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញ បានដឹងអំពីសភាពការណ៍និងត្រៀមកម្លាំងដើម្បីចូលរួមការពារបូរភាពទឹកដី។ ជាពិសេសបន្តពង្រឹងយកចិត្តទុកដាក់  លើការគ្រប់គ្រងកម្លាំង យុទ្ធោប្រណ៍ មធ្យោបាយ សម្ភារ ស្បៀងអាហារ ជាប្រចាំ ជាកិច្ចការគាំទ្រដល់សមរភូមិមុខ ទោះក្នុងតម្លៃណាក៏ដោយ។ ជាមួយគ្នានោះ ក៏ណែនាំឲ្យបន្តពង្រឹងកិច្ចការងារការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព សង្គមឲ្យកាន់តែប្រសើរ ផងដែរ។

ចុងបញ្ចប់ លោក រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានប្រគល់អំណោយ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នូវថវិកា២០លានរៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួនធំ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ