ភ្នំពេញ ៖ ករណីល្បែងស៊ីសងខុសច្បាប់ទាំងបែបប្រពៃណី រួមមាន៖ បៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ និងល្បែងសុីសងបែបទំនើបផ្សេងទៀត តាមមធ្យោបាយអនឡាញ ដូចជាឆ្នោតឡូតូ ភ្នាល់បាល់ និងល្បែងហ្គេមតាមទូរសព្ទ ដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើម នៅតែជាប្រធានបទដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ បន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន។ 

ថ្លែងក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំចំៗទៅកាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនានាចំណុះស្រុកបាភ្នំ រាល់ពេលចុះជួបសំណេះសំណាល ឬកម្មវិធីវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ត្រូវតែខិតខំជំរុញលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានកាន់តែទទួលបានព័ត៌មាន និងឈានទៅបង្ក្រាបឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព។

បើតាមប្រមុខក្រសួងមហាផ្ទៃ ប្រជាពលរដ្ឋក៏មានសិទ្ធិគ្រប់គ្រាន់ដើម្បីរាយការណ៍ដោយផ្ទាល់ ឬតាមមធ្យោបាយទំនាក់ទំនងផ្សេងៗទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ និងក៏អាចផ្សព្វផ្សាយ ឬផ្ញើព័ត៌មាននោះ ទៅកាន់ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សាស្រុក អធិការរដ្ឋាននគរបាលក្រុង ស្រុក ឬផ្ញើទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមទាំងហ្វេសប៊ុក ផ្ទាល់របស់ឯកឧត្តម ស្នងការ និងរដ្ឋបាលខេត្ត រួមទាំងអគ្គស្នងការរដ្ឋាននគរបាលជាតិជាដើម ប្រសិនបើមានករណីឆកល្វែង ឬការមិនយកចិត្តទុកដាក់គ្រប់គ្រាន់ណាមួយពីអាជ្ញាធរមូលដ្ឋាន។ 

គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប បូករួមទាំងល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន ដោយសម្តេចបានចាត់ទុកថា បញ្ហាទាំងអស់នេះសុទ្ធសឹងតែជាប្រភពនាំឱ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាល បន្ថែមលើផលប៉ះពាល់ដោយផ្ទាល់ចំពោះជនប្រព្រឹត្ត ក្រុមគ្រួសារ និងសង្គមក្នុងមូលដ្ឋាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ