៣ ថ្ងៃ នៃចុងសប្តាហ៍នេះ មានប្រជាពលរដ្ឋខ្មែរបន្តសម្រុកឆ្លងចូលកម្ពុជាតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ជិត ៤ ពាន់នាក់
បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបងឱ្យដឹងថាក្នុងរយៈពេល ៣ ថ្ងៃ នៃចុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែមិថុនាឆ្នាំ ២០២៥ មានចំនួនប្រជាពលរដ្ឋខ្មែរសម្រុកឆ្លងចូលទឹកដីកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងមានចំនួន ៣ ៨១២ នាក់ ក្នុងនោះស្រ្តី ១ ៧០៨ នាក់ និងកុមារចំនួន ១២៤ នាក់។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានផ្តល់របាយការណ៍បន្ថែមថា ក្នុងចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងជិត ៤ ពាន់នាក់ មានពលករខ្មែរចំនួន ២ ៦១៨ នាក់ ក្នុងនោះស្រ្តី ១ ១៨៤ នាក់។
របាយការណ៍បញ្ជាក់លម្អិតថា នៅថ្ងៃទី ២៧ ខែមិថុនា មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជា ១ ៣៤៤នាក់, ស្រី ៦១១នាក់, កុមារ ៤១នាក់, ក្នុងនោះពលករចំនួន ៧៨៣ នាក់, ស្រី ៣៦៣នាក់ , ថ្ងៃទី ២៨ ខែមិថុនា ចំនួនប្រជាពលរដ្ឋត្រឡប់ចូលប្រទេស ១ ៣០១ នាក់, ស្រី ៥៥៣នាក់, កុមារ ៥០នាក់, ក្នុងនោះពលករចំនួន ៨៥៥នាក់, ស្រី ៣៦៦នាក់ និងថ្ងៃទី ២៩ មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងចំនួន ១ ១៦៧ នាក់, ស្រី ៥៤៤នាក់, កុមារ ៣៣នាក់, ក្នុងនោះពលករចំនួន ៩៨០នាក់, ស្រី ៤៥៥នាក់។
ខេត្តបាត់ដំបងមានច្រកទ្វារព្រំដែនឈមជាមួយប្រទេសថៃចំនួន ៥ ក្នុងនោះមានច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់ ៤០០៕