រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រំលេចអំពីវីរភាព សម្ដេចតេជោ ហ៊ុន សែន និងភាពអង់អាចប្រតិភានរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពានបង្កឡើងដោយភាគីថៃ
ព្រៃវែង ៖ ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានរំលេចអំពីវីរភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពានបង្កឡើងដោយភាគីថៃ តាមខ្សែបន្ទាត់ព្រំដែន។
លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែជាអគ្គុមគ្គុទេសនយោបាយដឹកនាំរបស់កម្ពុជាប៉ុណ្ណោះទេ សម្ដេចតេជោ ក៏ជាឥស្សរជនកំពូលរបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ពិសេសការអនុវត្តនយោបាយឈ្នះឈ្នះ ការរក្សាសន្តិភាពនិងអភិវឌ្ឍន៍ជាតិ ព្រមទាំងការនាំវិបុលភាពសម្រាប់តំបន់ និងភាពសុខដុមរបស់ពិភពលោក។
ក្នុងក្របខ័ណ្ឌអាស៊ាន លោកឧបនាយករដ្ឋមន្ដ្រី បានរំលេចនូវខ្លឹមសារជំនួបជាមួយ លោកឯកអគ្គរដ្ឋទូតប្រទេសទីម័រឡេស្តេ កាលពីពេលថ្មីៗនេះ ដោយ លោក ឯកអគ្គរដ្ឋទូត បានជម្រាប លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ថា ថ្វីដ្បិតកម្ពុជា មិនមែនជាប្រទេសស្ថាបនិកបង្កើតអាស៊ានដំបូងគេ ប៉ុន្តែប្រទេសកម្ពុជា មានសម្ដេចតេជោ ជាឥស្សរជនឆ្នើមកំពូលមួយនៅអាស៊ាន ដែលទីម័រ ចាត់ទុកជាបិតាអាស៊ានម្នាក់ និងជាគុណូបការជនមួយរូប ដែលបានជួយជ្រោមជ្រែងទីម័រ ឈានទៅក្លាយជាសមាជិកទី១១ របស់អាស៊ាន។
បើតាម លោកឧបនាយករដ្ឋមន្ដ្រី ទីម័រ ក៏បានបង្ហើបអំពីផែនការមួយរបស់ជាតិ គឺបន្ទាប់ពីក្លាយជាសមាជិកអាស៊ាន ទីម័រ នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ដោយយកលំនាំតាមបទពិសោធន៍ពីប្រទេសកម្ពុជា ហើយកាន់តែពិសេសទៀតនោះ រដ្ឋាភិបាលទីម័ របានសម្រេចរួចរាល់ហើយ ដាក់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនោះ ភ្ជាប់និងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ដោយឡែកក្នុងកាលៈទេសៈដែលមានការប្រឈមមុខតទល់ជាមួយអំពើឈ្លានពានបង្កហេតុឥតឈប់ឈររបស់ថៃ លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៅកាន់អង្គពិធីថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំជាតិប្រកបដោយប្រតិភាពឈ្លាសវៃ និងដាក់ចេញយុទ្ធសាស្ត្រប្រកបដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ការពារកិត្តិយសជាតិ និងប្រជាជន ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដោយប្រើទាំងនយោបាយការទូត ទ្វេរភាគី យន្តការអន្តរជាតិ និងការប្រុងជើងការណ៍ ប្រកបដោយភាពអង់អាច នៃកងកម្លាំងការពារខ្សែបន្ទាត់ព្រំដែន ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន៕