កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក បើទោះបីជាបិទការនាំចូលពីប្រទេសជិតខាង
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងផលិតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក បើទោះបីជាបិទការនាំចូលពីប្រទេសជិតខាង ខណៈបច្ចុប្បន្ននេះសមត្ថភាពនៃការផលិតរបស់កម្ពុជាមានការអភិវឌ្ឍន៍ច្រើន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់មិនមានបញ្ហាអ្វីចោទឡើយ។
លោក ហែម វណ្ណឌី ថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ ធ្វើឡើងក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ក្រោមមូលបទ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
លោក ហែម វណ្ណឌី បានបញ្ជាក់ថា «ជាធម្មតាយើងជាសមាជិកអាស៊ាន សមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ។អ៊ីចឹងជាធម្មតានៅក្នុងសេដ្ឋកិច្ចដែលមានលក្ខណៈប្រទាក់ក្រឡាបែបនេះពិតប្រាកណាស់ថា យើងមានការពឹងផ្អែកគ្នាទៅវិញទៅមកប្រទេសយើងពឹងផ្អែកប្រទេស គេក៏ពឹងយើងទៅវិញទៅមក ក៏ប៉ុន្តែនិយាយអំពីសមត្ថភាព របស់យើងមកទល់ម៉ោងនេះ គឺយើងមានការវិវត្តច្រើន យើងក៏បានត្រៀមលក្ខណៈច្រើន កម្លាំងផលិតកម្មយើងក៏ធ្វើបានច្រើនដែរ ដូចដែលបងប្អូនយើងបានឃើញនៅក្នុងពិព័រណ៌ និងឯកសារជាច្រើន។អ៊ីចឹងបើឱ្យប៉ះពាល់វាពិតប្រាកដ មានការប៉ះពាល់ខ្លះ ប៉ុន្តែវានៅក្នុងសមត្ថភាពដែលយើងអាចគ្រប់គ្រងបានទាំងអស់។ខ្សែច្រវ៉ាក់ផ្គត់ផ្គង់មិនមានបញ្ហាចោទនោះទេ»៕