ព្រះវិហារ ៖ សម្ដេចតេជោ ហ៊ុន សែន ព្រមានវាយបកដោយកម្លាំងប្រដាប់អាវុធទៅលើយោធាថៃ បើហ៊ានឈ្លានពានកម្ពុជា។ ថ្លែងពីព្រំដែនក្នុងខេត្តព្រះវិហារ សម្ដេចតេជោ អះអាងថា អាវុធអេតចាយរបស់កម្ពុជាគឺមានសមត្ថភាពគ្រប់គ្រាន់អាចបាញ់ដល់ក្រុងបាងកក តែកម្ពុជាពុំមានមហិច្ឆិតាដូច្នេះឡើយ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ក្រុង ឃុំ សង្កាត់ ទូទាំងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអំពីការប្រើសិទ្ធិការពារ និងតបតទៅវិញចំពោះការឈ្លានពានដោយសត្រូវតាមព្រំដែន ពិសេសប្រទេសជិតខាងកម្ពុជា គឺថៃតែម្ដងតែងចិញ្ចឹមចិត្តឈ្លានពានបូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា។
សម្ដេចតេជោ ប្រកាសដូច្នេះថា «យើងមានសិទ្ធិការពារខ្លួន និងមានសិទ្ធិវ៉ៃបកទៅលើការឈ្លានពានណាក៏ដោយ ទោះបីយើងតូច ក៏ប៉ុន្តែយើង មានសិទ្ធិនឹងការពារខ្លួន មិនមានត្រឹមសិទ្ធិការពារខ្លួនទេ គឺមានសិទ្ធិវ៉ៃបក»។
«យើងមិនមានមហិច្ឆិតាវ៉ៃដល់ក្រុងបាងកកទេ ទោះបីជាសមត្ថភាពអាវុធរបស់យើងអាចមានលទ្ធភាព បាញ់ទៅដល់ហ្នឹង តែយើងមិនបាញ់ទេ ខ្ញុំមិនអួតអាងពីសព្វាវុធទេ សព្វាវុធអេតចាយរបស់ខ្មែរ គឺគ្រប់គ្រាន់»។ សម្ដេចតេជោ បន្ថែមដូច្នេះ។
សម្ដេចតេជោ ក៏បានព្រមានថៃកុំឱ្យគំរាមដាក់សម្ពាធលើកម្ពុជាឱ្យសោះ កម្ពុជាកំដរបានគ្រប់ច្រក រាប់ទាំងផ្នែកយោធា និងសព្វាវុធ៕