កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ក្រសួងមហាផ្ទៃ ត្រូវបន្ដធ្វើកំណែទម្រង់ កងកម្លាំងនគរបាលជាតិ ដោយផ្ដោតលើគោលដៅ ចំនួន២សំខាន់ៗ ដើម្បីឈានទៅសម្រេចបានបេសកម្មស្នូល។

ការណែនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភី សរុបចំនួន ៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីឈានទៅសម្រេចបានបេសកម្មស្នូលដ៏មានសារសំខាន់នេះ ក្រសួងមហាផ្ទៃ ត្រូវបន្ដធ្វើកំណែទម្រង់ កងកម្លាំងនគរបាលជាតិជាចាំបាច់ ដោយផ្ដោតលើគោលដៅ២សំខាន់ៗ៖

ទី១-បន្ដពង្រឹងសមត្ថភាពបណ្ឌិត្យសភានគរបាលជាតិកម្ពុជា តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈ ស្របតាមតម្រូវការចាំបាច់ជាក់ស្ដែង ព្រមទាំងធ្វើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងក្របសីលធម៌ វិជ្ជាជីវៈ កងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ របស់អង្គភាពនគរបាល។

ទី២- បន្ដយកចិត្ដទុកដាក់ ក្នុងការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ដំណើរការប្រតិបត្ដិការ និងការបំពេញភារកិច្ច ប្រចាំថ្ងៃរបស់មន្ដ្រីនគរបាលជាតិ។

លើសពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងចំណុចមួយទៀត ដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់ផងដែរ សម្រាប់អង្គភាពប្រើប្រាស់កម្លាំងទាំងអស់ ដែលត្រូវការសម្ភារៈ និងឧបករណ៍សម្ភារៈគ្រប់គ្រាន់ បម្រើឲ្យការងារជំនាញនីមួយៗ ប្រកបដោយប្រសិទ្ធភាព។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ ចំពោះក្រសួងមហាផ្ទៃ បណ្ដាអង្គភាព-ស្ថាប័នទាំងអស់ រួមទាំងបណ្ឌិត្យសភានគរបាលជាតិផង ដែលបានខិតខំចលនាបន្ថែម ព្រោះថា ទំហំថវិកាជាតិមានកំណត់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ