ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អនុប្រធានសមាគមអតីតយុទ្ធជន អំពាវនាវឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយឈរលើស្មារតី «ផ្ដល់កិត្តិយស ផ្ដល់ជីវភាពល្អប្រសើរ និងផ្ដល់ឱកាស»។

ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ទាំងក្នុងវិស័យរដ្ឋក្តី ឬឯកជនក្តី សូមចូលរួមលើកតម្លៃ ផ្តល់ឱកាស ក៏ដូចជាចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និងឱកាសនានាជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ។

បើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, ការតស៊ូរហូតបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ គឺពិតជាលំបាកណាស់ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែមិនអាចបំភ្លេចបានទេ ដល់បិតាសន្តិភាពរបស់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា និងរាល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមឆ្លងកាត់គ្រប់ដំណាក់កាលនៃការតស៊ូរំដោះជាតិចេញពីភ្លើងសង្គ្រាម។

ក្នុងនាមជាអតីតនាយនគរបាលមួយរូប ដែលមានអតីតភាពការងាររយៈពេល៤៤ឆ្នាំ លោកសន្ដិបណ្ឌិត នេត សាវឿន បានយល់យ៉ាងច្បាស់ចំពោះ ការលះបង់បូជា និងគំរូវីរភាព ក្លាហានអង់អាចជាទីបំផុតរបស់យុទ្ធជនកម្ពុជា។ លោកក៏សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងអនេក ចំពោះរាល់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ដំណើរការកសាងសន្តិភាព ការពង្រឹងខឿនសន្តិសុខសង្គម និងស្ថេរភាពនយោបាយ ដែលបានផ្តល់នូវភាពសុខដុមរមនាដល់សង្គមដូចសព្វថ្ងៃនេះ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ថែមថា ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាល ការលើកទឹកចិត្ត ការផ្តល់ឱកាស និងការលើកកម្ពស់ជីវភាព ត្រូវបានផ្តល់ឲ្យយ៉ាងទូលំទូលាយជូនដល់អតីតយុទ្ធជន រួមទាំងនិវត្តជន និងជនពិការបាត់បង់សមត្ថភាពការងារទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ