សម្តេចតេជោ ហ៊ុន សែន ព្រមានថា បើនៅតែព្រហើនទៀត សម្ដេច នឹងទម្លាយការសម្ងាត់ទាំងអស់ ដែលនាយករដ្ឋមន្រ្ដីថៃ បានប្រមាថព្រះមហាក្សត្ររបស់ខ្លួន
ព្រះវិហារ ៖ សម្ដេចតេជោ នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន បានព្រមានថា បើនាយករដ្ឋមន្រ្ដីថៃ នៅតែព្រហើនទៀត សម្ដេច នឹងទម្លាយការសម្ងាត់ទាំងអស់ដែលនាយករដ្ឋមន្រ្ដីថៃ បានប្រមាថព្រះមហាក្សត្ររបស់ខ្លួន និងរឿងសម្ងាត់ដែលប្រាប់មក សម្ដេច។
សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍បែបនេះ នាឱកាស អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម នៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បន្ដថា កម្ពុជា គ្មានចង់ឈ្លានពានយកទឹកដីអ្នកណានោះទេ កម្ពុជា បានបាត់បង់ទឹកដីច្រើនណាស់មកហើយពីអតីតកាល។
សម្តេចតេជោ បន្ថែមថា «អ្នកជិតខាងយើងមានជនជាតិខ្មែរនៅទីនោះ ហើយចេះនិយាយខ្មែរយ៉ាងច្បាស់ នេះជាភ័ស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា ពីមុនទឹកដីខ្មែរធំធេងណាស់»៕