ក្រសួងសុខាភិបាល ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ឱសថបង្ការការឆ្លងមេរោគអេដស៍ ហើយមានប្រសិទ្ធភាពការពាររហូតដល់ទៅ ៩៥%
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសេវាប្រឹពចាក់ (CAB-PrEP) ដែលឱសថនោះមានឈ្មោះថា «កាបូតេក្រាវៀ (Cabotegravir)» គឺជាប្រភេទឱសថចាក់ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ការប្រកាសដាក់ឱ្យដំណើរជាផ្លូវការនេះ ក៏មានការចូលរួមពីលោកស្រី Patricia Ongpin នាយិការបស់អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី, លោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង និងលោក ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ, តំណាងពីកាកបាទក្រហមកម្ពុជា និងអង្គការដៃគូជាច្រើនទៀត ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឹអេដស៍ សើស្បែក និងកាមរោគ។
លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ការប្រកាសដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយនវានុវត្តន៍ សម្រាប់ក្រុមប្រជាជនប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួន ពីការឆ្លងមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះជាវិធីសាស្ត្រមួយ នៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ។ ឱសថ CAB-PrEP នេះ ត្រូវចាក់រៀងរាល់ពីរខែម្តង ផ្តល់នូវជម្រើសមួយងាយស្រួល មានឯកជនភាព បន្ថែមលើជម្រើស PrEP លេប ដែលមានប្រសិទ្ធភាពខ្ពស់រហូតដល់ ៩៥% ក្នុងការបង្ការមេរោគអេដស៍»។
លោកស្រីបានបន្ដថា កម្ពុជាបានដាក់ឱ្យប្រើប្រាស់ថ្នាំលេប សម្រាប់បង្ការមុនពេលប្រព្រឹត្ត ប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP) ចាប់តាំងពីឆ្នាំ២០១៩។ ការផ្តល់ថ្នាំព្រឹបលេប បានជំរុញឱ្យប្រទេសកម្ពុជាមាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួល បានសេវាថ្នាំ PrEP លេប ជាពិសេសក្នុង ចំណោមប្រជាជនដែល មានការប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ព្រមជាមួយនឹងវិធីសាស្ត្របង្កើនការ យល់ដឹងពីតម្រូវការ ការគ្របដណ្តប់លើសេវា PrEP លេប និងសេវាធ្វើតេស្តរកមេរោគអេដស៍ បានក្លាយជាផ្នែកមួយដ៏សំខាន់ នៃការឆ្លើយតបនឹងមេរោគអេដស៍របស់ប្រទេសកម្ពុជា ដោយដាក់មូលដ្ឋានគ្រឹះ សម្រាប់ការដាក់ឱ្យប្រើប្រាស់ មធ្យោបាយបង្ការតាមបែបជីវវេជ្ជសាស្ត្រដទៃទៀតដូចជា CAB-PrEP៕