ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តកំពត បានឃាត់ខ្លួន និងឃុំខ្លួនជនសង្ស័យ ក្នុងអំពើឃាតកម្មការជួញដូរមនុស្ស និងការជួយសង្រ្គោះជនរងគ្រោះ ជាច្រើននាក់
កំពត ៖ ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើមខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនិងអនុវត្តន៍នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ និងឃាតកម្មដោយអំពើឃោរឃៅ ដើម្បីឈានទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់ ព្រមទាំងបានសង្គ្រោះជនបរទេសជាជនរងគ្រោះពីក្រុមឧក្រិដ្ឋជនទៀតផង។
ប្រតិបត្តិការបង្រ្កាបចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានទទួលលទ្ធផលដូចខាងក្រោម៖ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងករណីឃាតកម្មដោយមានទារុណកម្មនិងអំពើឃោរឃៅ នៅបូរី Villa Crown (តំបន់ ៣) និងអគារ (តំបន់៤) ចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ចំនួន ០២ករណី។
ក្នុងប្រតិបត្តិការនោះ បានរកឃើញ ទូរស័ព្ទដៃចំនួន ៣៥គ្រឿង ដែលបម្រើឱ្យការឆបោកតាមបច្ចេកវិទ្យា (Online Scam)។ សម្ភារៈទាំងនោះត្រូវបានរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពត ហើយអគារនោះត្រូវបានឃុំបេជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី។ បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ សមត្ថកិច្ចយើងកំពុងឃាត់ខ្លួនបណ្តោះអាសន្នដើម្បីបញ្ជូនទៅតុលាការ និងបន្តនីតិវិធីស្វែងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយរឿងនេះ។ក្នុងប្រតិបត្តិការបង្រ្កាបនេះដែរ សមត្ថកិច្ចចម្រុះក៏បានជួយសង្គ្រោះជនជាតិកូរ៉េជាង១០នាក់ឱ្យរួចផុតចេញពីមណ្ឌលឆបោកផងដែរ៕