សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួន ដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ»
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួន ដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃ បាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។
សម្ដេចតេជោ បន្ដថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់ នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។
សម្ដេចតេជោ បន្ថែមថា «ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ»។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា «ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អ ឬបំផ្លាញ ដើម្បីបង្កើតជម្លោះឡើងវិញ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់?»៕