តុលាការ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នៅពន្ធនាគារខេត្តកណ្តាល ពីបទញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព
ខេត្តកណ្តាល៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងព័ន្ធករណីញុះញង់ឱ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព ដោយសម្រេចឃុំខ្លួនបណ្តោះអាសន្នលើ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នៅពន្ធនាគារខេត្តកណ្តាល។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានសម្រេចចោទប្រកាន់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ពីបទ ញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តនៅចំណុចបុរី ML ស្ថិតនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៦ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្ម តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរខាងលើ។ បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕