នាយឧត្តមសេនីយ៍ ស ថេត ៖ កម្លាំងនគរបាលមួយក្រុម បានចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង ហើយឆ្លៀតយកទ្រព្បសម្បត្តិរបស់ម្ចាស់ទីតាំង គឺជាគំរូបមិនល្អ ត្រូវទទួលខុសត្រូវ និងឈានទៅអនុវត្តវិន័យកងកម្លាំង
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកកម្លាំងនគរបាលមួយក្រុម កាលពីពេលកន្លងទៅ បានចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង ហើយឆ្លៀតយកទ្រព្បសម្បត្តិរបស់ម្ចាស់ទីតាំង ជាគំរូមិនល្អសម្រាប់កងកម្លាំងនគរបាលជាតិនោះឡើយ ហើយកម្លាំងនគរបាលទាំងនោះ នឹងទទួលខុសត្រូវ ហើយឈានទៅអនុវត្តវិន័យកងកម្លាំង។
នេះជាការលើកឡើងជាថ្មីរបស់នាយឧត្តមសេនីយ៍ ស ថេត នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី-ខេត្ត និងនគរបាលពាក់ព័ន្ធជាច្រើននាក់ទៀតនោះ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ករណីនៅខេត្តកោះកុង ដែលកម្លាំងនគរបាលចុះទៅស្រាវជ្រាវ ស៉ើបអង្កេតបទល្មើស ប៉ុន្ដែបែរជាកម្លាំងដែលចុះនោះឆ្លៀតឱកាសយកសម្ភាររបស់អ្នកដទៃ ហើយរកមិនឃើញអ្នកដែលយកនោះ។ ដូច្នេះទើបនាយឧត្តមសេនីយ៍ បញ្ជាឲ្យកម្លាំងថ្នាក់ជាតិចុះស្រាវជ្រាវតែម្ដង ដើម្បីរកអ្នកដែលពាក់ព័ន្ធយកសម្ភារទាំងអស់នោះ មកទទួលខុសត្រូវ និងឈានទៅអនុវត្តវិន័យកងកម្លាំង។
នាយឧត្តមសេនីយ៍ ស ថេត បានចាត់ទុកថា «នេះជាគំរូមិនល្អសម្រាប់កងកម្លាំងនគរបាលជាតិ ដែលមិនគួរឲ្យកើតមាននោះទេ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសមួយនៅសហគ្រាស LYP ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលនាំឲ្យបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង៕