ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងបញ្ជាក់ថា គ្រាប់មីនដែលថៃយកមកតាំងបង្ហាញឱ្យគណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួនបានមើលនោះ ភាគច្រើននៅមានសល់គន្លឹះ ដែលនោះជាមីនថ្មី មិនមែនជាគ្រាប់មីនយកចេញពីចំការមីននោះទេ។

លោក ហេង រតនា បានបញ្ជាក់ដូចនេះ នាឱកាសអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

លោក ហេង រតនា បានបន្ថែមថា គ្រាប់មីនបើសិននៅជាប់គន្លឹះដូចនេះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះនោះដែរ ហើយបើកងទ័ពគេដាក់មែន គឺគេដកគន្លឹះចេញ ដើម្បីដាក់ឱ្យផ្ទុះហើយ បើដាក់មិនឱ្យផ្ទុះដដែល មិនដឹងជាដាក់ធ្វើអីនោះទេ។

លោក ហេង រតនា បានបញ្ជាក់ច្បាស់ថា «មីនដែលថៃយកមកដាក់តាំងនោះ គឺពិតជាមីនថ្មី មិនមែនជាមីនយកចេញពីចំការមីននោះទេ ព្រោះបើមីនយកចេញពីចំការមីន មីននោះនឹងកាច់គន្លឹះហើយ។ ដើម្បីដាក់ឱ្យផ្ទុះទាល់តែកាច់គន្លឹះ ហើយបើអត់កាច់គន្លឹះ គឺអត់ផ្ទុះនោះទេ ដែលនេះគឺនៅក្នុងលក្ខណៈបច្ចេកទេសបានបញ្ជាក់ច្បាស់ណាស់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ