នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សន្ទនាទូរស័ព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ពាក់ព័ន្ធការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ
3 ម៉ោង មុន
គូឡាឡាំពួ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។
ដំណឹងនៃការសន្ទនាទូរសព្ទខាងលើ ត្រូវបានលោក Anwar ប្រកាសឱ្យដឹងតាមរយៈគណនី Facebook ផ្លូវការរបស់លោកផ្ទាល់។ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលមានតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ បានបន្ថែមទៀត មេដឹកនាំទាំងពីរក៏បាននិយាយគ្នាផងដែរ ពាក់ព័ន្ធក្រុមសង្កេតការណ៍អន្តរកាល IOT ដែលបាននិងកំពុងចុះសង្កេតការណ៍ផ្ទាល់យ៉ាងយកចិត្តទុកដាក់ នៅតាមតំបន់ព្រំដែននៃកម្ពុជា-ថៃ ហើយបានពិភាក្សាថែមទៀត លើចំណាត់ការផ្សេងៗបន្ថែម ដែលអាចធ្វើឡើងដើម្បីជំរុញប្រសិទ្ធភាពនៃប្រតិបត្តិការឃ្លាំមើលរបស់ IOT៕