ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យរដ្ឋាភិបាលថៃ និងកងកម្លាំងយោធាថៃ ដកកងកម្លាំងយោធាថៃ និងឧបករណ៍ទាំងអស់ ចេញពីទឹកដីកម្ពុជា ត្រឡប់ទៅទីតាំងដែលស្របទាំងស្រុង ជាមួយព្រំដែនដែលត្រូវបានកំណត់ដោយស្របច្បាប់។
នេះជាបញ្ជាក់របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានអានលិខិតដោយឡែកពីគ្នា របស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផ្ញើជូនប្រធានក្រុមប្រឹក្សាUN និងអគ្គលេខា UN កាលពីថ្ងៃទី១១ ខែសីហា ដើម្បីជម្រាបអំពីហានិភ័យដែលកំពុងកើនឡើង និងគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយ រវាងកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ ព្រឹកថ្ងៃទី១២ ខែសីហានេះ លោក ជុំ សុន្ទរី ក៏បញ្ជាក់ពីការទាមទាររបស់កម្ពុជាបន្ថែមទៀតដែរ គឺកម្ពុជា ឱ្យថៃ បញ្ឈប់ជាបន្ទាន់ រាល់ការឈ្លានពាន និងរាល់ការកាន់កាប់ដោយខុសច្បាប់ និងសកម្មភាពផ្សេងៗទៀត ដែលរំលោភបំពាន ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជា ក៏ជំរុញឱ្យភាគីថៃ អនុវត្តឱ្យបានពេញលេញ និងគ្មានលក្ខខណ្ឌ នូវរាល់កាតព្វកិច្ចទាំងទ្វេភាគី និងអន្តរជាតិ រួមមានកិច្ចព្រមព្រៀងឈប់បាញ់ ចុះថ្ងៃទី២៨ ខែកក្កដា និងកំណត់ហេតុព្រមព្រៀង ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៕