ភ្នំពេញ ៖ រយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញ ទៅកាន់សហរដ្ឋអាមេរិក សម្រេចបានទឹកប្រាក់ប្រមាណ ៦ ៩២៥លានដុល្លារ កើនជាង ២៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ចំនួនប្រមាណ ៥ ៥១១លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល៧ខែ ឆ្នាំ២០២៥នេះ កម្ពុជាបានធ្វើការនាំចូលទំនិញពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ២០១លានដុល្លារ កើនជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ចំនួនប្រមាណ១៥៤លានដុល្លារ។
មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើន មានដូចជា៖ មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជា៖ រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
សូមជម្រាបថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកា ជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៤៩% មកនៅ ១៩%ប៉ុណ្ណោះ ខណៈកម្ពុជាទម្លាក់ពន្ធគយលើទំនិញអាមេរិកដល់ ០% ដែលចាប់អនុវត្តន៍ចាប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥តទៅ៕