(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុងចំពោះសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលបានចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីនៅព្រំដែនកម្ពុជា-ថៃ បណ្តាលឲ្យទាហានថៃ៣នាក់ជាន់មីនផ្ទុះ។

ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទាមទារឲ្យថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង ដែលសម្រេចនៅក្នុងកិច្ចប្រជុំពិសេស GBC ជាពិសេសការរក្សាឈរជើងនៅទីតាំងបច្ចុប្បន្ន ហើយភាគីម្ខាងៗមិនត្រូវចល័ត ឬធ្វើចលនាណាមួយ ចូលទៅទីតាំងភាគីម្ខាងទៀត។

លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី»។

លោកបានអះអាងដែរថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងជួយសង្គ្រោះជនពិការដោយសារមីន ក៏បានធ្វើការបកស្រាយដោយច្បាស់លាស់មួយ និងបដិសេធចំពោះការចោទប្រកាន់របស់ថៃដែលគ្មានមូលដ្ឋាន។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា, រហូតមកដល់ពេលបច្ចុប្បន្ននេះ ពុំមានការស៉ើបអង្កេតដែលអាចជឿជាក់បាន ឬប្រកបដោយតម្លាភាពពាក់ព័ន្ធឧប្បទេវហេតុដែលបានលើកឡើងរបស់ភាគីថៃ។ កម្ពុជាអំពាវនាវឲ្យមានការអត់ធ្មត់ ហើយជៀសវាងការចោទប្រកាន់ជាសាធារណៈដោយប្រញាប់ប្រញាល់ដែលធ្វើឲ្យប៉ះពាល់នូវការជឿទុកចិត្តគ្នាទៅវិញទៅមក និងស្មារតីនៃបទឈប់បាញ់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ