អាមេរិក៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០០% លើការនាំចូលបន្ទះឈីប ឬផលិតផលពាក់កណ្តាលសម្រេច (semiconductor chips) ពីប្រទេសមួយចំនួន ដោយលើកលែងតែក្រុមហ៊ុនណាដែលមានការសាងសង់រោងចក្រផលិតឈីបនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៥។

លោក Trump បានថ្លែងថា ពន្ធនេះនឹងអនុវត្តលើឈីបទាំងអស់ដែលនាំចូលមកសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនណាដែលបានសាងសង់ឬកំពុងវិនិយោគក្នុងរោងចក្រផលិតឈីបនៅអាមេរិក នឹងត្រូវបានលើកលែង។ ក្រោយការប្រកាសនេះ គឺមានក្រុមហ៊ុនខ្លះនឹងទទួលផលប៉ះពាល់ និងខ្លះអាចត្រូវបានលើកលែង។ 

ជាក់ស្តែងក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Company) ដែលកំពុងវិនិយោគក្នុងរោងចក្រនៅសហរដ្ឋអាមេរិក អាចនឹងត្រូវបានលើកលែង។ អតិថិជនដូចជា Nvidia មានឱកាសរួចផុតពីការប៉ះពាល់ផងដែរ។ ក្រុមហ៊ុន Apple ដែលបានប្រកាសវិនិយោគដ៏ធំនៅសហរដ្ឋអាមេរិកក៏អាចនឹងមិនជួបបញ្ហាជាមួយពន្ធនេះដែរ។ ពន្ធនេះ ត្រូវបានគេរំពឹងថាផ្ដោតលើប្រទេសដូចជា ចិន ជាពិសេសលើក្រុមហ៊ុនដូចជា Huawei និង SMIC។

ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Nvidia, Apple, និង Intel ក៏មិនបានធ្លាក់ចុះខ្លាំងនៅលើទីផ្សារហ៊ុននោះឡើយ ដោយអ្នកវិនិយោគជឿជាក់ថាក្រុមហ៊ុនដែលមានរោងចក្រនៅសហរដ្ឋអាមេរិកនឹងស្ថិតក្រៅពន្ធនេះ។

គួរជម្រាបថា ការប្រកាសនេះសម្ដែងពីការផ្លាស់ប្តូរទៅគោលនយោបាយពាណិជ្ជកម្មប្រកបដោយការការពារ (Protectionist) យ៉ាងខ្លាំង។ ទោះបីវានៅតែជាគម្រោងមួយ ប៉ុន្តែវាអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហកម្មបច្ចេកវិទ្យា និងតម្លៃសម្រាប់អ្នកប្រើប្រាស់ នៅពេលអនុវត្តពិតប្រាកដ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ