នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព លោក ដូ ណាត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព លោកប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
ការផ្ញើលិខិតទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពី លោកប្រធានាធិបតី Donald Trump បានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើម និងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេច នាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ថា «ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ»។
សម្ដេច បន្ដថា «ខ្ញុំក្នុងនាមជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព»៕