លោក ប៉ែន បូណា ៖ ថៃប្រើល្បិច «ស្វាស៊ីបាយលាបមាត់ពពែ» តាំងពីផ្ទុះអាវុធរហូតមកដល់ពេលនេះល្បិចកលរបស់ថៃនៅតែដដែលទេ
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គិតចាប់តាំងពី កម្ពុជា-ថៃ បានផ្ទុះអាវុធរ ហូតមកដល់ពេលនេះ ល្បិចកលរបស់ថៃនៅតែដដែលនោះទេ ថៃបង្វែអ្វីដែលខ្លួនបានធ្វើចំពោះកម្ពុជា ទៅជាកម្ពុជាធ្វើទៅលើគេវិញ នេះជាល្បិចស្វាស៊ីបាយលាបមាត់ពពែ ដូចជាករណីចង់បានប្រាសាទខ្មែរជាដើម។
លោក ប៉ែន បូណា បានបញ្ជាក់ដូចនេះថា ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។
លោក ប៉ែន បូណា បានថ្លែងបញ្ជាក់ថា «តាំងពីមុនផ្ទុះអាវុធ ថ្ងៃទី២៤ ខែកកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ល្បិចកលរបស់ថៃ នៅដដែលទេ អត់មានអីប្រែប្រួលសោះ គឺគេបង្វែអ្វីដែលខ្លួនបានធ្វើចំពោះកម្ពុជា ទៅជាអ្វីដែលកម្ពុជាបានធ្វើចំពោះថៃវិញ ដែលកលល្បិចបែបនេះ ដែលខ្មែរយើងហៅថា «ល្បិចស្វាស៊ីបាយ លាបមាត់ពពែ» ជាក់ស្តែងថៃឈ្លានពាន ចង់បានទឹកដីកម្ពុជា ចង់បានប្រាសាទកម្ពុជា តែបែជាប្រកូប្រកាស ភូតកុហកប្រជាជនខ្លួនឯង និងសហគមន៍អន្តរជាតិថា កម្ពុជាចង់បានទឹកដីគេ ចង់បានប្រាសាទរបស់គេ»។
លោក ប៉ែន បូណា បានបន្ថែមថា ថៃរករឿងកម្ពុជាបង្ករហេតុគ្រប់បែបយ៉ាងជាមួយកម្ពុជា តែបែរជាទៅនិយាយថា កម្ពុជាបានរករឿងបង្ករហេតុជាមួយខាងថៃទៅវិញ, ថៃបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាជាមុន តាមផែនការដែលខ្លួនបានរៀបចំរួចជាស្រេច តែថៃបែជាទៅនិយាយកុហកថា កម្ពុជាជាអ្នកបើកការបាញ់មុន, ថៃបានបំពានបទឈប់បាញ់ និងបង្ករហេតុចង់បំផ្លិចបំផ្លាញបទឈប់បាញ់នេះ ខណៈដែលកម្ពុជាបានខិតខំគោរពបទឈប់បាញ់នេះយ៉ាងខ្ចប់ខ្ជួន តែថៃបែជាថាកម្ពុជាបំពានបទឈប់បាញ់៕