ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យទាហានថៃ រុះរើលួសបន្លា និងយកគ្រឿងចក្រចេញជាបន្ទាន់ពីតំបន់អានសេះ ហើយភាគីថៃ ត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយមិនត្រឹមតែរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈសកម្មភាពជាក់ស្ដែងផងដែរ។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា «ក្រសួងការពារជាតិ ជំរុញយ៉ាងម៉ឺងម៉ាត់ ឱ្យព្រះរាជាណាចក្រថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈសកម្មភាពជាក់ស្ដែងផងដែរ។ ដោយបញ្ឈប់អំពើអរិភាពទាំងឡាយដោយរុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្រចេញរបស់ខ្លួនជាបន្ទាន់ ពីដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលភាគីថៃមិនអាចយកលេសណាមួយ មកបំភ្លៃការពិតមួយនេះបានឡើយ»។

សូមរំលឹកថា បើតាមក្រសួងការពារជាតិ នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីសំណាក់ កងកម្លាំង របស់កម្ពុជាយ៉ាងណាក៏ដោយ។

គួររំលឹកផងដែរថា នាពេលថ្មីៗនេះ កម្ពុជាទើបបានរៀបចំដំណើរទស្សនកិច្ចជូនអនុព័ន្ធយោធាបរទេសទៅកាន់ទីតាំងទាំងនោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ហើយនេះជាការបង្ហាញយ៉ាងច្បាស់ថាទីតាំងទាំងនោះស្ថិតនៅ ក្រោមអធិបតេយ្យភាពកម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ