ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា ប្រកាសថ្កោលទោសចំពោះការបង្ករឿងរបស់កងទ័ពថៃ ហើយទាមទារឱ្យថៃ គោរពអធិបតេយ្យភាព និងបូរណភាពកម្ពុជា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា «ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបន្តបង្ករឿងដោយកងទ័ពរបស់ថៃ ហើយទាមទារឱ្យភាគីថៃ សូមឱ្យគោរពដ៏ពេញលេញនូវអធិបតេយ្យភាព ហើយបូរណភាពរបស់កម្ពុជា ស្របទៅតាមការកំណត់របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ហើយនឹងបណ្តាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ»។

លោក បន្ដថា បញ្ឈប់ជាបន្ទាន់នូវការបង្ករឿងផ្នែកយោធា និងសកម្មភាពជាឯកតោភាគី ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល ហើយធ្វើឱ្យភាពតាន់តឹងមានការកើតឡើងថែមទៀត។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានផ្ញើសារទៅភាគីថៃ ត្រូវធ្វើព្យាយាមឱ្យមានភាពស៊ីគ្នារវាង ការប្រកាសជាសាធារណៈ នៃការតាំងចិត្តរបស់ខ្លួនចំពោះសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តដោយសុច្ចចិត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងកងទ័ពទាំងពីរ។

សូមរំលឹកថា បើតាម ក្រសួងការពារជាតិកម្ពុជា, កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីសំណាក់ កងកម្លាំង របស់កម្ពុជាយ៉ាងណាក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ