អ្នកនាំពាក្យ ក្រសួងការពារជាតិ ៖ គិតត្រឹមព្រឹកថ្ងៃទី៦ សីហា សភាពការណ៍នៅតំបន់អានសេះ មានភាពស្ងប់ស្ងាត់ ហើយតំបន់អានសេះនេះ គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅតំបន់អានសេះ ហើយតំបន់នេះ ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឡើងបែបនេះក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យ ក្រសួងការពារជាតិ បានថ្លែងថា «ចឹងស្ថានការណ៍នៅតំបន់អាសេះ គិតមកដល់ម៉ោង ៦៖០០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ គឺសភាពការណ៍ស្ងប់ស្ងាត់»។
អ្នកនាំពាក្យ បន្ដថា «កម្ពុជា សូមគូសបញ្ជាក់ថា ទីតាំងអានសេះ គឺស្ថិតនៅក្រោមអធិបតេយ្យរបស់កម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន យ៉ាងពិតប្រាកដ»។
អ្នកនាំពាក្យ បន្ថែមថា កងកម្លាំងរបស់កម្ពុជា បានប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ដោយកម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយពុះពារយ៉ាងមោះមុត ក្នុងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន។
សូមរំលឹកថា ក្រោយកម្ពុជា បានធ្វើការទំនាក់ទំនងទៅភាគីថៃ ដែលប្រចាំការនៅតំបន់អានសេះ ដោយពិភាក្សា និងចរចាយ៉ាងស្វិតស្វាញជាមួយភាគីថៃ នៅវេលាម៉ោង៣៖១៤នាទីរសៀល (ម្សិលមិញ) កងកម្លាំងរបស់កម្ពុជា បានចុះរុះរើលួសបន្លាចេញ រហូតដល់ម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី០៥ ខែសីហាម្សិ លមិញ លួសបន្លាត្រូវបានរុះរើ គ្រឿងចក្ររបស់ថៃត្រូវបានផ្អាកធ្វើសកម្មភាព៕