ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ច បានបន្តបង្រ្កាបក្រុមក្មេងទំនើង ជិត ១០ករណី និងឃាត់ខ្លួនមនុស្ស ជាង ១០នាក់ ខណៈករណីល្បែងស៊ីសងខុសច្បាប់ បង្ក្រាបបាន ៤ទីតាំង និងឃាត់ខ្លួនមនុស្ស ២២នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរង សមត្ថកិច្ច បានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់នោះ ទៅតុលាការ ខណៈអ្នកងប់ល្បែង ៤នាក់ ត្រូវសមត្ថកិច្ច អនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ប៉ុន្តែ ១៨នាក់ទៀត បានបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ដែលសមត្ថកិច្ច បង្ក្រាបបាននោះ មានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត តាកែវ ពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។ លទ្ធផលនេះបញ្ជាក់ច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាល មានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយគ្មានដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង៕