កូរ៉េខាងជើង ទទួលការគាំទ្រពីរុស្ស៊ីក្នុងការធ្វើទំនើបកម្មនាវា ផ្ទុកអាវុធនុយក្លេអ៊ែរ ចំពេលមានការបន្តកិច្ចសហប្រតិបត្តិការយោធា
កូរ៉េខាងជើង ៖របាយការណ៍របស់សារព័ត៌មានអ៊ុយក្រែនបាននិយាយថា ប្រទេសកូរ៉េខាងជើងបានទទួលការគាំទ្រពីរុស្ស៊ីក្នុងការធ្វើទំនើបកម្មនាវាផ្ទុកអាវុធនុយក្លេអ៊ែររបស់ខ្លួន ចំពេលមានការបន្តកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
លោក គីរីឡូ ប៊ូដានូវ (Kyrylo Budanov) ប្រធានផ្នែកចារកម្មយោធារបស់ប្រទេសអ៊ុយក្រែនបានធ្វើការកត់សម្គាល់ ខណៈដែលលោកបានធ្វើការប្រៀបធៀបរវាងការផ្តល់បច្ចេកវិទ្យាយោធារបស់រុស្ស៊ីដល់ប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់នៅក្នុងរបាយការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Interfax Ukraine ។
លោក ប៊ូដានូវ ត្រូវបានដកស្រង់សម្តីថា «សម្រាប់ប្រទេសកូរ៉េខាងជើង បញ្ហានេះវាពិតជាលំបាក។ ប្រទេសកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែររួចហើយ» ។ លោកបាននិយាយថា «ប៉ុន្តែប្រទេសរុស្ស៊ីជួយធ្វើទំនើបកម្មនាវាផ្ទុកអាវុធនុយក្លេអ៊ែរ។ រឿងនេះបាននឹងកំពុងកើតឡើង» ដោយលោកបានបន្ថែមថា ប្រទេសរុស្ស៊ីទំនងជាមិនផ្ទេរបច្ចេកវិទ្យាដោយផ្ទាល់សម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់នោះទេ។
ការកត់សម្គាល់របស់លោក ប៊ូដានូវ បានកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងជើង និងរុស្ស៊ីបាននឹងកំពុងពង្រឹងទំនាក់ទំនងយោធារបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ តាមរយៈការដាក់ពង្រាយ និងការផ្គត់ផ្គង់គ្រាប់ផ្លោង និងអាវុធរបស់ប្រទេសកូរ៉េខាងជើង ដែលបង្កឱ្យមានការរំពឹងទុកជុំវិញការផ្ទេរបច្ចេកវិទ្យាយោធាទំនើបរបស់ទីក្រុងម៉ូស្គូទៅកាន់ទីក្រុងព្យុងយ៉ាង។
កាលពីខែមុន លោក ប៊ូដានូវ បានអះអាងថា ប្រទេសកូរ៉េខាងជើងបាននឹងកំពុងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Pantsir-S1 ដែលផ្តល់ដោយរុស្ស៊ី ដើម្បីការពាររដ្ឋធានីព្យុងយ៉ាងរបស់ខ្លួន៕