CMAC ៖ សង្គ្រាមរយៈពេល ៥ថ្ងៃ ភាគីសៀម បានប្រើប្រាស់កាំភ្លើងធំ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 មកលើកម្ពុជា ក្នុងប្រតិបត្តិការឈ្លានពានទឹកដី
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា សង្គ្រាមរយៈពេល ៥ថ្ងៃ ភាគីសៀម បានប្រើប្រាស់កាំភ្លើងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 មកលើកម្ពុជា ក្នុងប្រតិបត្តិការឈ្លានពានទឹកដី។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក ហេង រតនា បានបញ្ជាក់ថា «ការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉:ពាល់ដោយសារគ្រាប់បែកចង្កោម! ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦»។
លោក អគ្គនាយក បន្ដថា កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។
កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខាងលើនេះ នៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក អគ្គនាយក ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។ ក្នុងករណីប្រជាពលរដ្ឋ បានឃើញ ឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន៕