អីក៏ខ្លាំងម្លេះ! ចូលទៅប៉ុស្តិ៍ប៉ូលិសរួចស្រែកគំរាមថា «អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់!»
បុរសម្នាក់មិនដឹងមានគំនុំរឿងអ្វី ឬមានបញ្ហាអ្វី ទេ ស្រាប់តែចូលទៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស ស្ថិតនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រួចស្រែកគំរាមថា «អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់»។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកកណ្តាលស្ទឹង បានអោយដឹងថា ជនសង្ស័យឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀន។ នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ឡុង មកឈប់នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើមឫស រួចឈ្មោះ ឡុង បានជិះម៉ូតូចេញទៅបាត់។ ចំណែក ជនសង្ស័យបានដើរសំដៅចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស រួច ស្រែជេរ ឡូឡាថា «អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់»។
កម្លាំងប៉ុស្តិ៍នគរបាលបាលរដ្ឋបាលដើមឫស បានចេញមកសួរនាំ ហើយជនសង្ស័យ បានស្រែកសួរថា «អាធារ៉ា មេប៉ុស្តិ៍វាទៅណា អញសម្លាប់វាចោល» រួចជនសង្ស័យក៏ស្ទុះទៅវាយកញ្ចក់ប៉ុស្តិ៍បែកអស់ចំនួន២ផ្ទាំង និង ស្រែកថាសម្លាប់ប៉ូលិសអោយងាប់ទាំងអស់។
ភ្លាមនោះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋឃុំដើមឫស បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែម្តង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីច្បាប់៕SS