ប៉ូលិសឥណ្ឌូនេស៊ីបង្ក្រាបកប៉ាល់មួយគ្រឿង ផ្ទុកថ្នាំញៀនជិត ២តោន មានតម្លៃ ៤២៥លានដុល្លារ និងចាប់ខ្លួនជនជាតិថៃ និងជនជាតិមីយ៉ាន់ម៉ា ៤នាក់
ហ្សាការតា៖ កងទ័ពជើងទឹករបស់ប្រទេសឥណ្ឌូណេស៊ី បានបង្ក្រាបកប៉ាល់មួយគ្រឿង ដែលផ្ទុកថ្នាំញៀន មេតំហ្វេតាមីន និងកូកាអ៊ីនជិត ២តោន ដែលមានតម្លៃ ៤២៥លានដុល្លារក្នុងសប្តាហ៍នេះ ហើយបានចាប់ខ្លួនជនជាតិថៃ និងជនជាតិមីយ៉ាន់ម៉ា ៤នាក់។
កងទ័ពជើងទឹកបានឱ្យដឹងថា ក្រុមមន្រ្តីបានបង្ក្រាបកប៉ាល់នេះ បន្ទាប់ពីវាបានបិទភ្លើង និងបង្កើនល្បឿន ដើម្បីព្យាយាមរត់គេចពីដែនទឹកឥណ្ឌូណេស៊ីនៅក្នុងតំបន់ Tanjung Balai Karimun នៃខេត្ត Riau Islands ។ អ្នកនាំពាក្យកងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រុមមន្រ្តីបានរឹបអូសបាវពណ៌លឿង និងសជិត១០០ ដែលមានផ្ទុកកូកាអ៊ីនប្រហែល១,២ តោន និងថ្នាំញៀនមេតំហ្វេតាមីន៧០៥ គីឡូក្រាម ដែលមានតម្លៃ៧ ពាន់ពាន់លានរូពី (៤២៥,៩២ លានដុល្លារ)»។
កប៉ាល់ដែលមានទង់ជាតិថៃ ត្រូវបាននាំយកទៅកាន់មូលដ្ឋានទ័ពជើងទឹក។ ក្រុមមន្ត្រីនៅតែកំពុងស៊ើបអង្កេតថាតើថ្នាំទាំងនោះមកពីណា និងកន្លែងដែលកប៉ាល់ត្រូវធ្វើដំណើរទៅ។
ឥណ្ឌូណេស៊ី ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរឹងបំផុតរប ស់ពិភពលោក ហើយការជួញដូរគ្រឿងញៀនត្រូវផ្តន្ទាទោសប្រហារជីវិត។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម បានបង្ហាញនៅក្នុងរបាយការណ៍ឆ្នាំ២០២៤ ថា ថ្នាំញៀនមេតំហ្វេតាមីនចំនួន១៩០ តោនត្រូវបានរឹបអូសនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៣ ខណៈដែលក្រុមឧក្រិដ្ឋកម្មបានទាញយកប្រយោជន៍ពីការអនុវត្តច្បាប់ខ្សោយដើម្បីចរាចរគ្រឿងញៀន ជាចម្បងតាមរយៈឈូងសមុទ្រថៃ៕