ភ្នំពេញ  ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា  សំណង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នេះ  គឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ននិងទៅអនាគត។ 

ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី  នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២  សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយដែលមានឱកាសបានជួបជុំសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងក្រុមកម្មករ កម្មការរិនីទាំងអស់ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងការឈានជិតចូលមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

សម្ដេចក្រឡាហោម បានកោតសរសើរក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងសាងសង់អគារប្រកបដោយការទទួលខុសត្រូវ ពិសេសគឺបានសាងសង់លឿនជាងផែនការនិងប្រកបដោយគុណភាព ដែលធ្វើឱ្យមានការកោតសរសើរជាច្រើនពីសាធារណៈមតិ បន្ថែមលើភាពលេចធ្លោនៃការរចនាប្លង់សំណង់អគារទាំងមូល។

សម្ដេច បានបង្ហាញការពេញចិត្ត និងមានមោទកភាពក្រៃលែងចំពោះដំណើរការសាងសង់អគារថ្មីនេះ ដោយសារសម្ដេចមានទំនុកចិត្តចំពោះគណៈកម្មការដឹកនាំការសាសង់ដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងក៏ដោយសារអគារទីស្ដីការក្រសួងថ្មីនេះត្រូវបានរចនា និងសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។

សម្ដេច បន្ថែមថា«ខ្ញុំសូមកោតសរសើយ៉ាងខ្លាំងចំពោះក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលបានប្រឹងប្រែងបំពេញការងារដែលមិនមែនត្រឹមតែបម្រើផលប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានគិតដល់ផលប្រយោជន៍ជាតិរបស់យើង ព្រោះសំណង់អគារថ្មីនេះគឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ននិងទៅអនាគត»។

សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថា  គណៈកម្មការសាងសង់ ក្រុមហ៊ុន ក្រុមស្ថាបត្យករ វិស្វករ និងកម្មករកម្មការិនីទាំងអស់ នឹងបន្តរួមគ្នាខិតខំប្រឹងប្រែងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះឱ្យបានរួចរាល់ និងប្រកបដោយគុណភាព និងបានជូនពរក្រុមជាងទាំងអស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជួបតែព្រះពុទ្ធពរ៤ប្រការ។ 

សូមបញ្ជាក់  ថាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនីនាឱកាសនោះ រួមមានសារ៉ុង១ មី៥កញ្ចប់ ត្រីខ៥កំប៉ុង ទឹកក្រូច៥កំប៉ុង ទឹកសុទ្ធ១កេស និងថវិកាចំនួន១សែនរៀល ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ