លោកឧកញ៉ា ទៀ វិចិត្របញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ៣គ្រឿង ចេញអន្តរាគមន៍ទៅជួយសង្គ្រោះប្រជានេសាទ៤នាក់
ព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ៣គ្រឿង ចេញអន្តរាគមន៍ទៅជួយសង្គ្រោះ ដោយសហការជាមួយ សមត្ថកិច្ចមូលដ្ឋានក្រុងកោះរ៉ុង ធ្វើការជួយសង្គ្រោះប្រជានេសាទ ដែលបានលិចទូកមួយគ្រឿង ប្រភេទ អូសមឹក នៅជិតកោះវ៉ាង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះ។
លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់មានចំនួន០៤នាក់ ក្នុងនោះមានតាកុងទូក០១នាក់ និងកូនដៃ០៣នាក់ មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ចាន់ ពិសាល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពេញ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាតាកុងទូក បានហែលឡើងគោកនៅចំនុចពយអាវតាផេង។
២.ឈ្មោះ ដន ប៉ុននី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកូនដៃទូក បានហែលឡើងគោកនៅចំនុចពយអាវតាផេង។
៣.ឈ្មោះ នាក់ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកូនដៃទូក បានហែលឡើងគោកនៅចំនុចពយអាវតាផេង។
៤.ឈ្មោះហុត បឹប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ខេត្តព្រះសីហនុ ជាកូនដៃទូក បានហែលឡើងមកដល់គោកចំណុចចំការតា មល រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីរកជំនួយអន្តរាគមន៍។
តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា ទូកនេសាទរបស់ពួកគាត់ បានចេញដំណើរនេសាទពីចំ ណុច មុខកោះស្តេច ហើយពេលមកដល់ចំណុចពយអាពត ជិតកោះវ៉ាង (ចំណុចកើតហេតុ) ទូកក៏បាន ទាក់ខ្សែង៉ាង (ខ្សែមង) ចំពេលរលកធំៗទៀត ទើបបណ្តាលអោយទូកលិចតែម្តង និងថាប្រសិនបើមិនមានការជួយសង្គ្រោះទាន់ពេលវេលាទេ ពួកគាត់អាចនឹងមានគ្រោះថ្នាក់ដ៏អាយុជីវិត។
បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់អាយុជីវិតទេ។
លោកឧកញ៉ា បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕SP