ថៃ៖  នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា តុលាការថៃបានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងនិរទេសខ្លួន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បង់ប្រាក់សំណងចំនួន ១០ពាន់លានបាត ប្រហែល ៣០៥លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងគម្រោងទិញស្រូវរបស់រដ្ឋាភិបាលលោកស្រី ដែលនាំឲ្យលោកស្រីត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំពីបទធ្វេសប្រហែសក្នុងឆ្នាំ ២០១៧។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងបន្ទាប់ពីការប្តឹងឧទ្ធរណ៍របស់លោកស្រី យីងឡាក់ ប្រឆាំងនឹងដីកាពីមុនដែលតម្រូវឲ្យលោកស្រីបង់ប្រាក់ ៣៥ពាន់លានបាត (ដែលស្មើនឹង ១.០៧ពាន់លានដុល្លារ) ទៅឲ្យក្រសួងហិរញ្ញវត្ថុ។ តុលាការកំពូលបានរកឃើញថា លោកស្រី «បានបំពេញមុខងារដោយការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឲ្យខូចខាតដល់រដ្ឋ» ប៉ុន្តែបានសម្រេចថា ដីកាពីមុននោះលើសពីកម្រិតនៃការទទួលខុសត្រូវរបស់លោកស្រី។

សូមបញ្ជាក់ថា លោកស្រី យីងឡាក់ ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ទាំងបួនរូបដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី បានភៀសខ្លួនទៅរស់នៅក្រៅប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគារ ដោយសារការបរាជ័យក្នុងការទប់ស្កាត់អំពើពុករលួយក្នុងគម្រោងស្រូវ ដែលបានបង់ថ្លៃស្រូវឲ្យកសិករខ្ពស់ជាងតម្លៃទីផ្សារដល់ទៅ ៥០% និងធ្វើឲ្យរដ្ឋខាតបង់យ៉ាងធ្ងន់ធ្ងរ។ លោកស្រី យីងឡាក់ អាយុ ៥៧ឆ្នាំ បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ ហើយត្រូវបានទម្លាក់ពីតំណែងប៉ុន្មានថ្ងៃមុនរដ្ឋប្រហារឆ្នាំ ២០១៤៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ