ក្រុមអ្នកដឹកនាំធុរកិច្ចថៃ ជាង១០០នាក់មកពីវិស័យសំខាន់ៗ ភាគច្រើនសុទ្ធសឹងតែ ចង់ឱ្យលោកស្រី Paetongtarn លាលែងពីតំណែង
ថៃ ៖ អស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ កំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងចំណោមក្រុមអ្នកដឹកនាំធុរកិច្ច ថាអាចនឹងធ្វើឱ្យប៉ះពាល់ថែមទៀត ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។
ការស្ទង់មតិនាពេលថ្មីៗ ធ្វើឡើងដោយកាសែត Krungthep Turakij បានសាកសួរនាយកប្រតិបត្តិចំនួន ១០០នាក់ មកពីវិស័យឈានមុខគេដូចជា ផលិតកម្ម កសិកម្ម ថាមពល អចលនទ្រព្យ ទេសចរណ៍ សេវាកម្ម និងវិស័យមួយចំនួនទៀត ជុំវិញវិបត្តិនយោបាយ។ភាគច្រើននៃនាយកប្រតិបត្តិដែលត្រូវបានសាកសួរ ចង់ឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ពីព្រោះពួកគេយល់ឃើញថា ការដឹកនាំរបស់លោកស្រីកំពុងរួមចំណែក ធ្វើឱ្យស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។
ក្រុមអ្នកធុរកិច្ច បានកំពុងអំពាវនាវឱ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ ដើម្បីស្តារទំនុកចិត្តផ្នែកសេដ្ឋកិច្ច ដោយស្នើឡើងថា រដ្ឋាភិបាលគួរតែផ្តោតលើការដោះស្រាយបញ្ហាបំណុល ដែលប្រជាពលរដ្ឋជួបប្រទះ គាំទ្រវិស័យទេសចរណ៍ និងបង្កើតបរិយាកាសសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។
ស្របពេលដែលគណបក្សភឿថៃ ប្រឈមមុខនឹងវិបត្តិ សហគមន៍ធុរកិច្ចថៃ ក៏បានជំរុញឱ្យ លោកស្រី Paetongtarn ធ្វើសកម្មភាពឱ្យបានឆាប់ និងយ៉ាងម៉ឺងម៉ាត់ ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជន និងទីផ្សារឡើងវិញ មុនពេលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស រឹតតែយ៉ាប់យ៉ឺនជាងនេះ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង