រដ្ឋាភិបាលថៃ បដិសេធយុត្តាធិការរបស់ តុលាការយុត្តិធម៌អន្តរជាតិICJ និងព្យាយាមដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ
បាងកក៖រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai អះអាងជាថ្មី នៅថ្ងៃពុធ ទី៤ ខែមិថុនានេះ អំពីគោលនយោបាយរបស់ប្រទេសថៃ ដែលមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស។ នេះបើយោងតាមការផ្សាយរបស់កាសែតថៃ The Nation។
សេចក្តីថ្លែងការណ៍របស់ លោក ភូមថាំ កើតមានឡើង ក្រោយពីកម្ពុជា បង្ហាញពីបំណងយកបញ្ហាព្រំដែន ដែលឈានដល់ការប៉ះទង្គិចគ្នា កាលចុងខែឧសភា ឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ខណៈភាគីថៃបង្ហាញពីបំណងជជែកទ្វេភាគី តាមយន្តការដែលមានស្រាប់។ យ៉ាងណាក៏ដោយ ទាំងកម្ពុជា និងថៃ មានគម្រោងជួបគ្នា តាមយន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ដោយផ្អែកលើសេចក្តីថ្លែងការណ៍ចុងក្រោយ របស់រដ្ឋាភិបាលថៃ ស្តីពីការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា, លោក ភូមថាំ បាននិយាយថា សេចក្តីប្រកាសនេះ ឆ្លុះបញ្ចាំងពីជំហររួបរួមគ្នារបស់ក្រុមប្រឹក្សាសន្តិសុខជាតិ(NSC) កងទ័ពភូមិន្ទថៃ និងក្រសួងការបរទេស ពោលគឺជាជំហរផ្លូវការរបស់រដ្ឋាភិបាលថៃ។
លោក ភូមថាំ ក៏បានថ្លែងបញ្ជាក់ថា ប្រទេសថៃកំពុងប្រឹងប្រែង ដើម្បីទប់ស្កាត់ជម្លោះនេះ កុំឱ្យឡើងដល់កម្រិតតុលាការ ICJ ហើយថៃផ្តោតលើការគ្រប់គ្រងភាពតានតឹង និងប្រកាន់ខ្ជាប់នូវអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ២០០០ រវាងប្រទេសទាំងពីរ ដែលផ្តល់នូវមាគ៌ាត្រង់ៗឆ្ពោះទៅរកដំណោះស្រាយ។
ដោយសំដៅដល់ប្រទេសកម្ពុជា លោក ភូមថាំ បានថ្លែងថា៖ «យើងត្រូវតែជៀសវាងការលេងតាមផែនការរបស់ពួកគេ។ ព្រោះបើធ្វើតាមគេ អាចធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាអន្តរជាតិ។ នេះគឺជាបញ្ហាសំខាន់របស់ជាតិ ដែលប៉ះពាល់ដោយផ្ទាល់ដល់ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសថៃ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានបន្ថែមថា យើងត្រូវតែបន្តបោះជំហានម្តងមួយៗ។ ប្រសិនបើកិច្ចប្រជុំនេះមិនអាចឈានដល់ដំណោះស្រាយទេ យើងនឹងស្វែងរកយន្តការជំនួសផ្សេងទៀត៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង