ក្រសួងសុខាភិបាល ជំរុញឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ខណៈជំងឺនេះបានកម្រើកឡើងវិញ
ភ្នំពេញ ៖ដើម្បីបង្ការជាមុនសំដៅ ធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្តីទី បានជំរុញរំលឹកឲ្យមានការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង។
យោងតាមលិខិតរបស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្តីទី នាថ្ងៃ១៨ ឧសភា ផ្ញើទៅអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត , នាយកមន្ទីរពេទ្យជាតិ និងគ្រប់ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត បានឲ្យដឹងថា ដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមក។ ដូចនេះដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ថ្មី ក្រសួងណែនាំ ឲ្យជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសលើកទឹកចិត្តមកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម ។
ក្នុងនោះត្រូវផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមាន ៖ មន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព ព្រមទាំងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន ៕