ត្រីមាសទី១ ឆ្នាំ២០២៥ ការិយាល័យច្រកចេញចូល ក្រុង ស្រុក ខណ្ឌ ផ្តល់សេវាជូនពលរដ្ឋជាង ១លានសេវា និងទទួលបានចំណូលជាង ៣ពាន់លានរៀល
ភ្នំពេញ ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនពលរដ្ឋសរុបចំនួន ១.១៧៦.៤០៦សេវានៅទូទាំងប្រទេស និងទទួលបានចំណូលជាង ៣ពាន់លានរៀល។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។
តាមរបាយការណ៍ដដែល បានបញ្ជាក់ថា នៅក្នុងចំណោមសេវាផ្តល់ជូនជាង១លាននោះ បើប្រៀបធៀបចំនួនសេវាក្នុងវិស័យទាំង១៧ ការងារអត្រានុកូលដ្ឋានបានផ្តល់សេវាច្រើនជាងគេ គឺមានចំនួន ៦២៤.៧១៤សេវា។ បន្ទាប់មក គឺការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន៤៦៣.៦៧៩សេវា ខណៈដែលវិស័យបរិស្ថានបានផ្តល់សេវាតិចជាងគេ ត្រឹមតែ១សេវាប៉ុណ្ណោះ។
ក្នុងរយៈពេលដូចគ្នានេះ ការិយាល័យច្រកចេញចូលតែមួយទទួលបានចំណូលសរុបចំនួន៣.៤៩១.០២៥.៣២០រៀល ស្មើនឹង៨៧២.៧៥៦,៣៣ដុល្លារអាម៉េរិក។ ក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៧ឃើញថា វិស័យសំណង់ទទួលបានចំណូលខ្ពស់ ជាងគេគឺចំនួន៩១៦.៨៧៣.៦០០រៀល បន្ទាប់មកវិស័យសុរិយោដីទទួលបានចំណូលចំនួន ៦១៨.១១០.០០០ រៀល ចំពោះវិស័យដែលបានទទួលចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្មបាន ទទួលចំណូលចំនួន ១២៥.០០០រៀល និងវិស័យដែលមិនទទួលបានចំណូលគឺ ការងារអត្រានុកូលដ្ឋាន និង វិស័យធម្មការនិងសាសនា។
គួរបញ្ជាក់ជូនថា ការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ បាននិងកំពុងផ្តល់សេវាជូន ប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧ រួមមាន ១-វិស័យទេសចរណ៍ ២-វិស័យវប្បធម៌ ៣-វិស័យពាណិជ្ជកម្ម ៤-វិស័យសាធារណការ ៥-វិស័យឧស្សាហកម្ម ៦-វិស័យសំណង់ ៧-វិស័យកសិកម្ម ៨-វិស័យសុខាភិបាល ៩-វិស័យអប់រំ ១០-វិស័យរ៉ែនិងថាមពល ១១-វិស័យបរិស្ថាន ១២-វិស័យការងារ ១៣-វិស័យធម្មការនិងសាសនា ១៤-ការងារអត្រានុកូលដ្ឋាន ១៥-ការងារនីត្យានុកូលកម្ម ១៦-ការងាររដ្ឋបាល និងទី១៧-ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕