ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការងារអ្វីក៏ថ្លៃថ្នូរដែរ មានតែមនុស្សទេដែលមានថ្លៃថ្នូ និងមិនថ្លៃថ្នូរ ជួនអីមន្រ្តីពាក់ផ្កាយ២ ផ្កាយ៣ ទៅធ្វើអំពើផ្ដេសផ្ដាសក៏មាន ។

ក្នុងអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ មិថុនានេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ថានេះជាលើកទី១ហើយ ដែលសម្ដេច បានអញ្ជើញមកដល់ សាលានគរបាលជាតិភូមិភាគ៣នេះ។ សម្ដេច បានរម្លឹកថាកន្លងមក ទីតាំងសាលានេះ ជាអតីតទីតាំងផលិតគ្រឿងញៀនដ៏ធំមួយ ដែលសមត្ថកិច្ចបង្ក្រាបបាន ហើយត្រូវបានតុលាការកំពូលសម្រេចប្រគល់ ដីនេះមកឱ្យក្រសួងមហាផ្ទៃ ទើបក្រសួងរៀបចំទីនេះជាសាលាបណ្ដុះបណ្ដាល នគរបាលភូមិភាគ៣តែម្ដង។ 

សម្ដេច បានណែនាំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ រៀបចំចុះបញ្ជីដីធ្លីទីតាំងនេះ ក្នុងបញ្ជីសារពើពន្ធរបស់រដ្ឋឱ្យបានឆាប់និងជាបន្ទាន់ ដើម្បីធានាការពារផលប្រយោជន៍សាធារណៈ និងបន្តថា បើទោះបីជាទីតាំងនេះដីនៅទំនេរច្រើនមែន ប៉ុន្តែក៏មានការងារច្រើនត្រូវធ្វើលើទីតាំងទាំងនោះដែរ ក្នុងនោះសម្ដេច បានផ្ដួចផ្ដើមឱ្យរៀបចំទីតាំងចិញ្ចឹមសត្វ ដូចជាគោនិងពពែជាដើម ហើយសាលាត្រូវសហការជាមួយមន្រ្តីជំនាញកសិកម្ម ដោយសម្ដេចនឹងផ្ដល់ពូជឱ្យសាលារៀបចំចិញ្ចឹម។

ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៣នេះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តពាក់ព័ន្ធនឹងភូមិភាគ៣នេះ ដែលបានរួមកម្លាំងសាមគ្គីគ្នារំលែកថវិកាមកចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចដែលលោកឧត្តមសេនីយ៍ទោ វៀក សុភាព បានរាយការណ៍។ សម្ដេចចាត់ទុកថានេះជាការរួមចំណែកដ៏មានសារៈសំខាន់ ពិសេសក្នុងពេលរដ្ឋកំពុងសន្សំការចំណាយក្នុងស្ថានភាពកូវីដ-១៩។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកការងារបណ្ឌិត្យសភានគរបាលកម្ពុជា រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលខិតខំរួមគ្នាធ្វើឱ្យសម្រេចគោលបំណងមួយ ដែលសម្ដេចគូសបញ្ជាក់ថា «ធ្វើឱ្យនគរបាលយើងទៅជានគរបាលរបស់ប្រជាពលរដ្ឋ កុំឱ្យពលរដ្ឋខ្លាចនគរបាល កែប្រែឱ្យប្រជាពលរដ្ឋមានវប្បធម៌ស្រលាញ់ចូលចិត្ត និងជឿជាក់លើនគរបាលដែលជាអ្នកបំរើគាត់ ហើយនគរបាលក៏ចាត់ទុកពលរដ្ឋជាចៅហ្វាយដែលត្រូវបំរើសេវាជូន»។

ពាក់ព័ន្ធនឹងតួនាទីរបស់នគរបាលជាតិ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា «នគរបាលជាតិជាតួអង្គមួយដ៏សំខាន់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាំងពីក្រោមដល់លើ ហើយមិនមែនតែកម្ពុជាទេ ប្រទេសណាក៏ដូចគ្នា»។ សម្ដេចបានបន្តថា «ការងារអ្វីក៏ថ្លៃថ្នូរដែរ មានតែមនុស្សទេដែលមានថ្លៃថ្នូ និងមិនថ្លៃថ្នូរ។ ជួនអីមន្រ្តីពាក់ផ្កាយ២ ផ្កាយ៣ទៅធ្វើអំពើផ្ដេសផ្ដាស» ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ