មេដឹកនាំបក្សប្រឆាំងថៃណែនាំឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រំលាយសភា ដើម្បីបញ្ចៀសរដ្ឋប្រហារយោធា
បាងកក៖ មេដឹកនាំបក្សប្រឆាំងថៃ ជំរុញឱ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ប្រកាសរំលាយសភា ដើម្បីទប់ស្កាត់ការធ្វើរដ្ឋប្រហារជាថ្មីដែល គេមើលឃើញថាស្ថិតនៅផ្លូវទៅរកការធ្វើរដ្ឋប្រហារដោយសារជម្លោះជាមួយក្រុមយោធាដែលហ៊ានចេញវោហាស័ព្ទប្រឆាំងមេដឹកនាំរដ្ឋាភិបាល។នេះបើយោងការផ្សាយរបស់សារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥។
មេដឹកនាំគណបក្សប្រឆាំង លោក Nattapong Ruangpanyawut នៃគណបក្ស ប្រជាជន People’s Party ដែលបានប្តូរឈ្មោះ ពីគណបក្សា Thai progressive party នៅរសៀលថ្ងៃពុធនេះ អំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ប្រកាសរំលាយសភា ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ និងទប់ស្កាត់ការធ្វើរដ្ឋប្រហារ។
បញ្ហាបែកធ្លាយសំឡេងសន្ទនារវាងលោកស្រី ផែថងថាន និង សម្តេចតេជោ ហ៊ុន សែន មេបក្សប្រឆាំងរូបនេះបានបន្ថែមថា បើទោះបីជា គោលបំណងរបស់លោកស្រីនៅក្នុងការសន្ទនាចង់គ្រប់គ្រងដោះស្រាយបញ្ហាព្រំដែនឱ្យវិលមករកសភាពដើមវិញ ប៉ុន្ដែ បញ្ហាគឺថា ការប្រព្រឹត្តមិនបានត្រឹមត្រូវ។ លោកបានសង្កត់ធ្ងន់ទៀតថា សម្តីរបស់នាយករដ្ឋមន្ត្រីថៃ នៅក្នុងសំឡេងសន្ទនានោះ ដែលបានលើកឡើងថា យោធា គឺជាអ្នកប្រឆាំង គឺជារឿងមួយដែលមិនត្រឹមត្រូវទាល់តែសោះ។
លោក Nattopong និយាយថា «ខ្ញុំរំពឹងថា លោកស្រីផែថងថាន នឹងទំនាក់ទំនងជាមួយមេដឹកនាំប្រទេសជិតខាង ដោយមានភាពចាស់ទុំ សេចក្ដីថ្លៃថ្នូរក្នុងនាមជានាយករដ្ឋមន្ត្រីថៃ ដើម្បីដោះស្រាយបញ្ហារួម មិនមែនប្រើប្រាស់ទំនាក់ទំនងជាក្មួយរបស់ មេដឹកនាំនៃប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហានយោបាយផ្ទាល់ខ្លួននោះទេ»។
សូមបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ មានរយៈពេលប្រមាណ១០ខែហើយ ដែលលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បានចូលខ្លួនមកកាច់ចង្កូតដឹកនាំប្រទេសថៃ ក្នុងនាមជានាយករដ្ឋមន្រ្តីទី៣១របស់ប្រទេស៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង