ភ្នំពេញ  ៖ ក្នុងឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន ៧ ៩៨០.៥៧ ប៊ីលានរៀល (ប្រមាណជា ១ ៩៧០.៥១ លានដុល្លារ) ស្មើនឹង ៦៩.៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤ លានដុល្លារ) ស្មើនឹង ២៩.៨៧%។

ក្នុងឆមាសទី១ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៧.១៩% អាករលើតម្លៃបន្ថែម ៣៣.៣៧% ពន្ធលើប្រាក់បៀវត្ស ២៥.១៦% អាករពិសេស ៣៤.០១% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤.៣៨%, និងពន្ធលើឈ្នួលផ្ទះ និងដី ១០.១២%។

ការបង្ហាញពីប្រាក់ចំណូលពន្ធនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចាត់ទុកលទ្ធផលដែលប្រមូលចំណូលពន្ធនេះ គឺជាទីមោទនៈមួយ ដែលមិនអាចកាត់ផ្តាច់ ចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចាត់វិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជូនប្រជាជនកម្ពុជាប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចកសាងភាពស៊ាំ ក្នុងសហគមន៍ទៅនឹងជំងឺរាតត្បាតនេះ ហើយឈានទៅបើកប្រទេសជាតិ ឱ្យដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយបាននិងកំពុងអនុវត្តការរស់នៅ តាមគន្លងប្រក្រតីភាពថ្មីក្នុបរិបទនៃជំងឺកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ