ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយតាមគោលការណ៍ស្ម័គ្រចិត្ត និងផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋ កំពុងរស់នៅមិនរៀបរយ ក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង។

ក្នុងពិធីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ប្រារព្ធនៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក ភ្នាក់ងារ ពលករ ឆ្មាំ មន្រ្តីរាជការ និងថ្នាក់ដឹកនាំទាំងអស់នៃអាជ្ញាធរជាតិអប្សរាក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ជាពិសេសគំនិតផ្ដួចចផ្ដើមសិក្សារៀបចំ និងកែលម្អថ្មីជាមួយនឹងការលេចឡើងសមិទ្ធផលជាច្រើន។

សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរសម្រាប់ការយកចិត្តទុកដាក់បំពេញភារកិច្ចថែរក្សាការពារបេតិកភណ្ឌ និងសម្បត្តិវប្បធម៌ជាតិ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយតាមគោលការណ៍ស្ម័គ្រចិត្ត និងផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅមិនរៀបរយ ក្នុងតំបន់រមណីយដ្ឋានទៅកាន់ភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ហើយប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារបានស្ម័គ្រចិត្តចូលរួម ដែលជាការបង្ហាញអំពីគម្រូវីរៈភាព និងការដឹងគុណចំពោះមរតកដូនតាដ៏មានតម្លៃមហាសាលនេះ»។

ជាមួយនឹងការគូសបញ្ជាក់អំពីភាពជោគជ័យនៃការអនុវត្តគោលនយោបាយខាងលើនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តរំលឹកជូនអង្គពិធីអំពីអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការពារនិងអភិរក្សបេតិកភណ្ឌជាតិ ជាមួយនឹងការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ជូនប្រជាជននៅក្នុងមូលដ្ឋាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ