សម្ដេចក្រឡាហោម ស ខេង ផ្ដាំផ្ញើដល់កីឡាកររបស់ក្រសួងមហាផ្ទៃ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលពានរង្វាន់ឱ្យបានកាន់តែច្រើន សម្រាប់លើកកម្ពស់កិត្តិយសជាតិ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់កីឡាករ និងកីឡាការិនី ទាំងអស់របស់ក្រសួងមហាផ្ទៃ ដែលធ្លាប់បានទទួលពានរង្វាន់នាពេលកន្លងមក ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលពានរង្វាន់ឱ្យបានកាន់តែច្រើនសម្រាប់លើកកម្ពស់កិត្តិយស និងមុខមាត់ជាតិ។
ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គលេខាធិការ និងប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំថា ការប្រកាសប្រគល់តួនាទីភារៈកិច្ចជូនថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនាពេលនេះ គឺជាការប្រគល់សេចក្តីទុកចិត្ត និងការទទួលខុសត្រូវខ្ពស់ដែលអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងរចនាសម្ព័ន្ធចំពោះសមាសភាពរបស់មន្ដ្រី នៅក្នុងអគ្គលេខាធិការដ្ឋានឱ្យកាន់តែម៉តចត់បន្ថែមទៀត។
សម្ដេចក្រឡាហោម បានរំលឹកថា មានតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទេ ដែលរាជរដ្ឋភិបាលកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់មន្ដ្រីក្របខ័ណ្ឌ ដើម្បីបម្រើឱ្យវិស័យកីឡា។ បន្ថែមពីនេះ សម្តេចក្រឡាហោម បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ត្រូវស្វះស្វែងកៀរគរប្រមូលរកធនធាន និងត្រូវរៀបចំកសាងនូវមូលដ្ឋានមជ្ឈមណ្ឌលហ្វឹកហាត់មួយឱ្យបានច្បាស់លាស់ សម្រាប់កីឡាករ បានហ្វឹកហ្វឺនគ្រប់គ្រាន់ និងមានកន្លែងស្នាក់នៅត្រឹមត្រូវក្នុងអំឡុងពេលហ្វឹកហាត់។
លើសពីនេះទៀត សម្ដេចក្រឡាហោម ក៏បានបង្ហាញក្ដីសង្ឃឹមដល់ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទើបតែងតាំងថ្មី នឹងអាចធ្វើឱ្យគ្រូបង្ហាត់ និងកីឡាករ របស់ក្រសួងមហាផ្ទៃ មានការវិវត្តន៍រីកចម្រើនបន្ថែមទៀត តាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអាចមានលទ្ធភាពឈានចូលប្រកួតប្រជែងទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា «សូមផ្ដាំផ្ញើដល់កីឡាករ និងកីឡាការិនី ទាំងអស់របស់ក្រសួងមហាផ្ទៃ ដែលធ្លាប់បានទទួលពានរង្វាន់នាពេលកន្លងមក ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលពានរង្វាន់ឱ្យបានកាន់តែច្រើនសម្រាប់លើកកម្ពស់កិត្តិយស និងមុខមាត់ជាតិ និយាយជារួម និងសម្រាប់ក្រសួងមហាផ្ទៃ និយាយដោយឡែក»។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អគ្គនាយកដ្ឋានានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក-សមាជិកា នៃក្រុមប្រឹក្សាកីឡារបស់ក្រសួងមហាផ្ទៃ ចូលរួមគាំទ្រ ធ្វើយ៉ាងណាឱ្យកីឡារបស់ក្រសួងមហាផ្ទៃ ទទួលបានការកាន់តែច្រើន និងមានដំណើរកាន់តែល្អប្រសើរបន្ថែមទៀត៕EB