សម្តេចក្រឡាហោម ស ខេង ៖ ការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីមានចំណេះដឹង ក្នុងការថែរក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ
កំពង់ចាម ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំង នគរបាលជាតិមានចំណេះដឹង គ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឱ្យ បានរឹងមាំនូវខឿនសន្តិសុខជាតិ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាគារ បើកការដ្ឋានសាងសង់ផ្លូវ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំទាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់ លើកងកម្លាំងនគរបាល ជាប់ជាប្រចាំ តាមរយៈការបណ្តុះបណ្តាល ស្របតាមគោល នយោបាយ កំណែទម្រង់កងកម្លាំង ប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្ដោតសំខាន់ ទៅលើការរធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្ត នៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការ នៃអង្គភាពនគរបាល។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា «ការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវ តែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំង នគរបាលជាតិមានចំណេះដឹង គ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឱ្យ បានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ»។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្តកំពង់ចាម លោកអភិបាល ខេត្តត្បូងឃ្មុំ និងលោកអភិបាល ខេត្តស្វាយរៀង ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិ ភាគ២ នៅពេលនេះផងដែរ៕