សម្ដេចក្រឡាហោម ស ខេង បញ្ជាដល់អាជ្ញាធរ ធ្វើការរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ចំពោះអាជីវកម្មដឹកជញ្ជូន ដី គ្រួស ខ្សាច់ ត្រូវគ្របឱ្យបានជិត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានចេញបទបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ចំពោះអាជីវកម្មដឹកជញ្ជូន ដី គ្រួស ខ្សាច់ ត្រូវគ្របឱ្យបានជិត ហើយត្រូវមានវិធានការច្បាប់ចំពោះការបំពាន។
នាឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២២ របស់ គ.ស.ច.គ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា អាជ្ញាធរ ត្រូវជំរុញការបំពាក់បរិក្ខាសុវត្ថិភាពលើផ្លូវថ្នល់ រួមមាន៖ ភ្លើងស្ដុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍នៅតាមផ្លូវថ្នូល់ ដែលរដ្ឋរាជធានី-ខេត្ត ទទួលខុសត្រូវ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ត្រូវធ្វើការរឹតបន្តឹងយ៉ាងម៉ឹងម៉ាត់ចំពោះអាជីវកម្មដឹកជញ្ចូន ដី គ្រួស ខ្សាច់ ត្រូវគ្របឱ្យបានជិត ហើយត្រូវសម្អាតផ្លូវថ្នល់ជាប្រចាំ និងត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះការបំពាន»។
សម្ដេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរត្រូវបន្តធ្វើការគ្រប់គ្រងយានដ្ឋានកែច្នៃ តម្លើងយានយន្ត អំពីលិខិត ស្នាមដែលច្បាប់បានកំណត់ និងធានាការកែច្នៃតម្លើងយានយន្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស។ ជាពិសេស ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបការនាំចូលរថយន្ត ចង្កូតស្តាំមកក្នុងផ្ទៃប្រទេស តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្ដេចក្រឡាហោម បន្ដថា ត្រូវធ្វើការគ្រប់គ្រងដីចំណីផ្លូវឱ្យបានគត់មត់ ដោយទប់ស្កាត់ការសាងសង់ ឬប្រើប្រាស់ខុសច្បាប់ប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងការកសាងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៕