មន្ទីរកសិកម្មខេត្តសៀមរាប នឹងផ្ដល់រង្វាន់ ១ពាន់ដុល្លារ បើពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច អំពីជនល្មើស លួចកាប់ឈើគ្រញូង ៤ដើម ក្នុងខេត្តសៀមរាប
សៀមរាប៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋស្គាល់ជនល្មើស ដែលលួចកាប់ឈើគ្រញូងចំនួន ៤ដើម ក្នុងខេត្តសៀមរាប ហើយរាយការណ៍ជូនសមត្ថកិច្ចរហូតឈាន់ទៅចាប់ជនល្មើសបាននោះ នឹងជូនរង្វាន់ចំនួន ១ ០០០ដុល្លារ។
យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន ៤ដើម ដែលមានអាយុកាលប្រមាណ ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ហិកតា ស្ថិតនៅភូមិសាស្ដ្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគ្រប់គ្រង និងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សាធនធានសេនេទិចព្រៃឈើ តំបន់លំហែកំសាន្ដ និងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ដ្រ។ដោយតំបន់នេះ មានសក្ដានុពលធនធានព្រៃឈើដ៏មានតម្លៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ ជាតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ តាំងពីឆ្នាំ២០១៦។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដ៏ទទូចចំពោះ សាធារណជនដែលបានស្គាល់ ដឹងដំណឹង ពាក់ព័ន្ធនិងជនល្មើសហើយបានរាយការណ៍ និងផ្ដល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈាន់ទៅចាប់ជនល្មើសបាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នឹងជូនរង្វាន់ជាប្រាក់ចំនួន ១ ០០០ដុល្លារ ហើយព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ជូនមិនឲ្យមានបញ្ហាដល់អ្នកផ្ដល់ព័ត៌មានខាងលើនេះឡើយ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ