ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា ការផ្ទេរសិទ្ធិអំណាចទៅឱ្យថ្នាក់មូលដ្ឋាន គឺជាភាពជោគជ័យមួយ សម្រាប់ការទប់ស្កាត់កូវីដ-១៩ នាពេលកន្លងទៅ។

ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ធ្វើយ៉ាងណាផ្ទេរសិទ្ធិអំណាចទៅថ្នាក់មូលដ្ឋានឱ្យកាន់តែច្រើន ដើម្បីងាយស្រួលធ្វើការងារ ព្រោះថា ថ្នាក់មូលដ្ឋាននៅជិតប្រជាពលរដ្ឋដោយផ្ទាល់។ 

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា  វិបត្តកូវីដ គឺជាមេរៀនដែលកម្ពុជាបានជួប ហើយភាពជោគជ័យដែលកម្ពុជាបានដោះស្រាយកូវីដ គឺដោយសារការផ្ទេរអំណាចទៅឱ្យមូលដ្ឋាន ទើបបញ្ហានីមួយៗ ដោះស្រាយបានទាន់ពេលវេលា។

សម្ដេចតេជោ បានលើកឡើងទៀតថា កំឡុងពេលកម្ពុជាជួបវិបត្តិកូវីដ-១៩ កម្ពុជាបានដោះស្រាយបញ្ហា ប្រឈមបានទាន់ពេលវេលា ដោយបិទខ្ទប់តំបន់មួយចំនួន និងចាក់វ៉ាក់សាំងជូនប្រជាជនពលរដ្ឋបានទាន់ពេលវេលា ទើបធ្វើប្រជាជនរួចជីវិតពីការស្លាប់ដោយសារកូវីដ ដែលបញ្ជាក់ថា រដ្ឋាភិបាលអោយប្រជាជនមានសិទ្ធរស់រានមានជីវិត។ សម្តេចបានបន្ថែមថា បើគ្មានសិទ្ធរស់រានមានជីវិត នោះមិនអាចអនុវត្តសិទ្ធផ្សេងទៀតបានទេ។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញ ពីការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ក្នុងនោះ សម្តេចថា ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា គឺធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ