នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ៖ ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ប្រទេសនៅតែមាន បើមិនបំបាត់ប្រភពហិរញ្ញវត្ថុ
ភំ្នពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញទានភេវរកម្ម (បសប ហ.ភ) បានលើកឡើងថា ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ផ្សេងៗនៅតែមាន និងមិនមានការថយចុះគិតទាំងពិភពលោក និងតំបន់ដែលក្នុងនោះចំនុចមួយដែលសំខាន់ គឺពាក់ព័ន្ធហិរញ្ញវត្ថុ ដែលហៅថា ហិរញ្ញទានគ្រឿងញៀន។ នេះបើយោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្អាតប្រាក់ជុំទី៩ និងជុំទី១០ ផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យថ្មី (Database System) និងទិសដៅការងារអនុវត្តបន្ត នាថ្ងៃទី១៣ មិថុនានេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងថា «ការបង្ក្រាបតាមផ្លូវច្បាប់ ការចាប់ផ្តន្ទាទោសដោយមិនបានបំបាត់ប្រភពហិរញ្ញវត្ថុនេះទេ គឺមិនអាចបង្ក្រាបបទល្មើសគ្រឿងញៀននេះបានទេ»។
លើសនេះ នាយឧត្តមសេនីយ៍ ក៏បានជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ខិតខំបង្កើនសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ និងបានដាក់ទិសដៅការងារចំនួន៤ចំណុចដូចខាងក្រោម ៖
១-បន្តស៊ើបអង្កេតករណីដែលនៅដក់សល់នៅជុំទី៩ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿងទៅតុលាការឲ្យបានឆាប់រហ័ស។
២-បន្តស៊ើបអង្កេតករណីជុំទី១០ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿងទៅតុលាការឲ្យបានឆាប់រហ័ស។
៣-ធ្វើរបាយការណ៍ទៅប្រធានអង្គភាព លើករណីដែលសន្មត់ថាគ្មានសញ្ញាណសម្អាតប្រាក់ឲ្យបានឆាប់រហ័ស និងដាក់កាលបរិច្ឆេទតាមថ្ងៃដែលបញ្ជូនសំណុំរឿងទៅតុលាការ។
៤-ចងក្រងស្ថិតិករណីសម្អាតប្រាក់នៅតាមបណ្តាស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីគ្រប់គ្រងទិន្នន័យឲ្យបានច្បាស់លាស់។
បើតាមរបាយការណ៍អានដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ស្ថិតិរបាយការណ៍ក្នុងជុំទី៩ ករណីគ្រឿងញៀនសរុបចំនួន ២១៤៨ករណី ក្នុងនោះ ៖ ករណីតូចតាចចំនួន ១៨៧៩ករណី, ករណីធម្មតាចំនួន ២៤០ករណី, ករណីធ្ងន់ធ្ងរ ចំនួន ២៩ករណី ហើយស្ថិតិដែលសន្មត់ថាគ្មានសញ្ញាណសម្អាតប្រាក់ចំនួន ១២០ករណី៕EB