រដ្ឋមន្ដ្រីក្រសួងអប់រំ ៖ វិបត្តិកូវីដ-១៩ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីន និងជាបេះដូង នៃការអប់រំ
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា វិបត្តិជំងឺកូវីដ-១៩ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីន នៃប្រព័ន្ធអប់រំ ព្រមទាំងជាបេះដូង នៃការអប់រំ ផងដែរ។
ក្នុងទិវាគ្រូបង្រៀន ៥ តុលា ២០២២ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានថ្លែងបញ្ជាក់ថា «ជាក់ស្តែង វិបត្តិកូវីដ-១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំរបស់យើង គ្រូបង្រៀន គឺជាបេះដូងនៃការអប់រំ។ តួនាទី និងប្រសិទ្ធភាពនៃ ការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាឱ្យសិស្សានុសិស្ស និងនិស្សិតទទួលបាននូវការអប់រំ នៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។ គ្រូបង្រៀនក៏មានតួនាទីសំខាន់ផងដែរ ក្នុងការស្តារវិស័យអប់រំឡើងវិញ ចេញពីវិបត្តិកូវីដ-១៩ និងដើម្បីកំណត់អនាគតរបស់អ្នកសិក្សាគ្រប់រូប។ ដូច្នេះ យើងទាំងអស់គ្នាត្រូវលើកកម្ពស់គ្រូបង្រៀន លើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា»។
លោក បន្ដថា ក្នុងអំឡុងពេលកូវីដ-១៩ មានការបាត់បង់គ្រូបង្រៀន ដែលបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសិក្សារអាក់ រអួលដោយអន្លើ ការបាត់បង់ការសិក្សា ជាពិសេស នៅតំបន់ជួបការលំបាក។ ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា ពិតជាមានមោទនភាព ដោយសារគ្រូបង្រៀន បានខិតខំស្វះស្វែងរៀនសូត្រនូវបំណិនថ្មីៗ ដូចជា៖ ការបង្រៀនតាមអនឡាញ ជាដើម។
លោក បន្ថែមថា ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នាបានមើលឃើញ យ៉ាងប្រត្សក្រនូវតួនាទីរបស់គ្រូបង្រៀនរឹងរឹតតែសំខាន់ជាងមុន ក្នុងការធានាបានទាំងសុវត្ថិភាព សុខភាព និងនិរន្តភាពនៃការសិក្សារបស់សិស្ស។
ក្រៅពីគិតគូរដល់កត្តាសុខភាពរបស់ខ្លួន និងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ គ្រូបង្រៀនត្រូវឆ្លងកាត់បទពិសោធន៍ជាច្រើន ដូចជា៖ ការរិះរកវិធីសាស្ត្របង្រៀនសកម្មភាពបង្រៀន, ការជួយសិស្ស និងទំនាក់ទំនងជាមួយសិស្ស មាតាបិតាសិស្ស តាមរូបភាពជាការបង្រៀនពីចម្ងាយ ការរៀនតាមបណ្ដុំ ការបង្រៀនតាមប្រព័ន្ធ អេឡិចត្រូនិក ការបែងចែក និងកែសន្លឹកកិច្ចការ ការថតវីដេអូបង្រៀន ជាដើម។ លោកថា កត្តាទាំងនេះ មិនទាន់រាប់បញ្ចូល នូវការលំបាកផ្សេងៗទៀត ដែលគ្រូបង្រៀនជួបប្រទះ ដូចជា៖ ផលប៉ះពាល់ មកលើសេដ្ឋកិច្ចគ្រួសារ និងការទទួលរងនូវស្ថានភាពថប់អារម្មណ៍ ឬជំងឺផ្សេងៗ៕EB