ភ្នំពេញ៖ កម្ពុជា នឹងចាប់ធ្វើការពិនិត្យ និងបង្រ្កាបនូវមុខទំនិញដែលជាមុខសញ្ញានៃការរត់គេចពន្ធ ដូចជាគ្រឿងអេឡិចត្រូនិករួមមាន ទូរទឹកកក ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូរសព្ទ និងផលិតផលគ្រឿងសម្អាងជាដើម ដើម្បីពង្រឹងការប្រមូលចំណូលចូលថវិកាជាតិ បន្ទាប់បង្រ្កាបយន្តទាំងចង្កូតឆ្វេង និងចង្កូតស្តាំបានជោគជ័យ។នេះបើតាមការឱ្យដឹងរបស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ។

លោកបានគូសបញ្ជាក់ថា មុខទំនិញដែលជាមុខសញ្ញានៃការគេចវេសពន្ធ ដូចជាទូរទឹកកក ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូរសព្ទ ក៏ដូចជាផលិតផលគ្រឿងសម្អាង ដែលជាមុខទំនិញ ដែលរដ្ឋត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តការបង្រ្កាប និងបង្ការអំពើរត់គេចពន្ធ ដើម្បីទប់ស្កាត់ការបាត់បង់ចំណូលពន្ធគយ និងបង្ការអសមភាពនៅក្នុងការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ធុរកិច្ច នៅកម្ពុជា។

លោកបានឱ្យដឹងផងដែរថា ចំពោះការទប់ស្កាត់ការលួចគេចពន្ធផលិតផលទូរស័ព្ទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមម៍ បាននិងកំពុងធ្វើការងារនេះ ដែលនៅពេលខាងមុខទូរស័ព្ទដែលនាំចូលមានការបង់ពន្ធអាករត្រឹមត្រូវទើបអាចភ្ជាប់ប្រព័ន្ធជាមួយប្រតិបត្តិករទូរស័ព្ទបាន ហើយសម្រាប់ទូរស័ព្ទដែលមិនបានបង់ពន្ធអាករទេ នឹងមិនអាចភ្ជាប់ជាមួយស៊ីមកាតបានឡើយ។

ជាមួយគ្នាននោះ លោកបានបញ្ជាក់ថា ការចាប់ផ្តើមពង្រឹង និងបង្រ្កាបអំពើគេចពន្ធទៅលើផលិតផលទាំងនេះ ធ្វើឡើងដើម្បីពង្រឹងការប្រមូលចំណូលពន្ធគយសម្រាប់ថវិកាជាតិ ស្របពេលចំណូលគយអាចនឹងត្រូវថយចុះ នៅពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ